ច្បាប់ការពារអ្នកប្រើប្រាស់នឹងដាក់ទោសលើបុគ្គលដែលបន្តធ្វើអាជីវកម្មបែបមិនសុច្ចរិត

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” កាលពីថ្ងៃទី៣១ តុលាបានព្រមានដល់បុគ្គលណាមួយ នៅតែប្រព្រឹត្តល្មើស ហើយមិនបានអនុវត្តតាមការណែនាំ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

យោងតាមសេចក្តីជូនដំណឹង ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គ.ជ.ក.ប. បានបញ្ជាក់ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុករយៈពេល ៣០ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

បន្ទាប់មក នៅថ្ងៃទី១៨ ខែតុលា គ.ជ.ក.ប.ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម នៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយពាណិជ្ជកម្ម នៅតែបន្តសកម្មភាពល្មើស ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន តាមគ្រប់ប្រភេទទម្រង់ និងគ្រប់មធ្យោបាយ មានលក្ខណៈភូតកុហក បំភាន់ការពិត អាចធ្វើឱ្យអ្នកប្រើប្រាស់ មានការយល់ច្រឡំអំពី ការទទួលបាននូវអត្ថប្រ​យោ​ជន៍ផ្សេងៗ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ប្រកបដោយសុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវបានហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពខាងលើបានឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់នូវសកម្មភាពប្រព្រឹ​ត្តល្មើស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិត ជំរុញការប្រកួតប្រជែងប្រកប ដោយសមធម៌ និងធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ គ.ជ.ក.ប. សូមក្រើនរំលឹកដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ឈរលើមូលដ្ឋាននេះ គ.ជ.ក.ប. ស្នើឱ្យ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិ ឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីផ្តល់ឯកសារពាក់ព័ន្ធ នឹងការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ និងកែតម្រូវសកម្មភាព និងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនឱ្យស្របតាមខ្លឹមសារនៃច្បាប់ និងបទប្បញ្ញត្តិក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ។

គ.ជ.ក.ប.សង្ឃឹមជឿជាក់យ៉ាងមុតមាំ លើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍អ្នក ប្រើប្រាស់និងសង្គមជាតិទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here