ប្រាក់បញ្ញើក្នុងមីក្រូហិរញ្ញវត្ថុកើនឡើងដល់៤,៧ពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ត្រីមាសទី៣

ដោយៈ លក្ខិណា

ភ្នំពេញៈ គិតត្រឹមត្រីមាសទី៣នៃឆ្នាំ ២០២២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានទទួលប្រាក់បញ្ញើសរុបចំនួន៤,៧ពាន់លានដុល្លារអាមេរិក ពីអតិថិជនប្រមាណ២,៦លាននាក់។

ស្ថាប័នមីក្រូហិរញ្ញវត្ថុនានារំពឹងថា ចំនួនប្រាក់បញ្ញើនេះក៏នឹងបន្តកើនឡើងជាលំដាប់ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាំពលរដ្ឋក្នុងការប្រើប្រាស់។ នេះបើតាមលោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងទិវាសន្សំអាស៊ានថ្ងៃទី៣១ តុលា២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសសាន៍ថា “ការសន្សំពិតជាមានសារៈសំខាន់ ដែ​លត្រូវយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេសគឺចូលរួមពង្រឹងការគ្រប់គ្រង ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់យើងឱ្យកាន់តែប្រសើរឡើង”។

លោកសុខ វឿនបានបន្តថា ដើម្បីចូលរួមជំរុញការសន្សំក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាបាននិងកំពុងជំរុញ ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិស្ដីពី បរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលក្នុងនោះអាទិភាពចម្បង គឺលើកទឹកចិត្តនិងជំរុញការដាក់ប្រាក់សន្សំ នៅតាមគ្រឹះស្ថានផ្លូវការដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។

លោកបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ចំនួនគណនីប្រាក់បញ្ញើអតិថិជន កើនឡើងដល់ចំនួន១២,១លានគណនី ដែលមានសមតុល្យប្រាក់បញ្ញើប្រមាណ១៥៧ទ្រីលានរៀល ឬ៣៨,៥ពាន់លានដុល្លារអាមេរិកដែលកើនឡើង១៥,៤ភាគរយ។ ការកើនឡើងនៃចំនួនគណនី និងសមតុល្យ ប្រាក់បញ្ញើឆ្លុះបញ្ចាំងឱ្យឃើញ ពីការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ជាពិសេសការយល់ដឹងពីសារៈសំខាន់នៃការសន្សំ ។

ជាមួយគ្នានេះ លោកបណ្ឌិតអ៉ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាបានថ្លែងថា ប្រជាជនកម្ពុជា មិនត្រឹមតែមានទំលាប់សន្សំប៉ុណ្ណោះទេ ថែមទាំងមានការសំចៃទៀតផង។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងវិស័យធនាគារមានការរីកចម្រើន និងមានបច្ចេកវិជ្ជាទំនើប ប្រជាជានកម្ពុជាបានចាប់ផ្តើមងាកមកសន្សំ នៅតាមគ្រឹះស្ថានធនាគារ ដែលនាំឱ្យការសន្សំនៅគ្រឹះស្ថានធនាគារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលទំហំទឹកប្រាក់បានកើនពីUSD៩៥៤,៨លាន នៅឆ្នាំ២០០៥ កើនឡើងដល់ចំនួន៣៥.៥១៩,៧លានដុល្លារ នៅឆ្នាំ២០២១ ដែលមានកំណើនជាមធ្យមចំនួន២៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here