រដ្ឋាភិបាលគ្រោងចំណាយប្រាក់ជាង៩០០០លានដុល្លាសម្រាប់ឆ្នាំ២០២៣

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង៩ពាន់លានដុល្លារ កើនឡើង១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្ដីពី សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០​២៣។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២នេះ បានអ​ញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដោយបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈលើ “សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំង​ស្រុង លើសេចក្តីព្រាងច្បាប់នេះ។

យោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្ដីពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០​២៣បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៣ ចំណា​យសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន ប្រហែល៩.៦ពាន់លានដុល្លារ ស្មើនឹងជា២៩,៨៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ដោយមានកំណើន១៣,០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២៣ ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧ លានរៀល ដែលគិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៧.២ពាន់លា​នដុល្លារ ស្មើនឹង២២,៣៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស)​ ដែលមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ថិវកាឆ្នាំ ២០២២។

ច្បាប់ថវិកាឆ្នាំ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍ នៃការបន្តស្ដារ និងជំរុញសេដ្ឋកិច្ច ឲ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ តាមគន្លងប្រក្រតីថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ព្រមទាំងការបន្តរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងលំនឹងនៃសង្គម-សេដ្ឋកិច្ច ក៏ដូចជា សម្រេចឲ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here