កូរ៉េគ្រោងវិនិយោគ២,៩ពាន់លានដុល្លារលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាសំខាន់ៗនៅឆ្នាំ២០២៣

ដោយៈ សុខុម

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង នឹងបោះទុនវិនិយោគរហូតដល់ទៅ២,៩ពាន់លានដុល្លារអាមេរិក លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បច្ចេកវិទ្យាជាយុទ្ធសាស្ត្រសំខាន់ៗចំនួន១២នៅឆ្នាំក្រោយ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៃប្រទេសកូរ៉េខាងត្បូង បាននិយាយការពារថ្ងៃសុក្រ ទី២៨ ខែតុលា ថា ការបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃផែនការជំរុញកំណើន រយៈពេលវែងរបស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងនេះបានលើកឡើង នៅឯកិច្ចប្រជុំមួយជាមួយប្រធានាធិបតី Yoon Suk-yeol ថា ខ្លួនបានជ្រើសរើសបច្ចេកវិទ្យា យុទ្ធសាស្ត្រសំខាន់ៗចំនួន១២ ដើម្បីផ្ដោតសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួនធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យថ្មីថ្មោង ដ៏មានសក្ដានុពលទាំងនេះ។

បច្ចេកវិទ្យាជាយុទ្ធសាស្ត្រសំខាន់ៗទាំង១២នេះ រួមមាន ទាំងបច្ចេកវិទ្យាបន្ទះឈីប អេក្រង់ អាគុយសាកអគ្គិសនី ថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ជីវៈវិទ្យាជឿនលឿន វិស្វកម្មអាកាសវេហា និងសមុទ្រ អ៊ីដ្រូសែន សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cyber Security) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គមនាគមន៍ជំនាន់ថ្មី និងមនុស្សយន្តជឿនលឿនផងដែរ។

ក្រសួងដដែលនិយាយថា ថវិកាចំនួន២,៩ពាន់លានដុល្លារអាមេរិក ត្រូវបានលៃទុក សម្រាប់គម្រោងនេះនៅឆ្នាំក្រោយ ដោយកើនឡើងពីចំនួនជាង២,៦មាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

បណ្ដាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកដែលបានចូលរួម ក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដ៏សំខាន់ទាំង១២នេះ ព្រមទាំងធ្វើការបណ្ដុះបណ្ដា​លធនធានមនុស្សជាន់ខ្ពស់ក្នុងវិស័យទាំងនេះ នឹងទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាល៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here