ទូតចិនអះអាងថា កម្ពុជាទទួលបានទឹកប្រាក់ជិត២០០០លានដុល្លារពីការនាំចេញកសិផលទៅកាន់ប្រទេសចិន

 ដោយៈ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ២,៤លានតោន ទៅកាន់ប្រទេសចិន ដោយទទួលបានទឹកប្រាក់១៩៤២លានដុល្លារ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា លោក Wang Wentian បានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ថា កសិផលរបស់កម្ពុជាមានប្រភេទសម្បូរ និងមានគុណភាពល្អប្រសើរ ប្រទេសចិនមានតម្រូវការទីផ្សារយ៉ាងធំ និងបច្ចេកវិទ្យាផលិតកម្មដ៏ទំនើប ហើយប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករពីប្រទេសកម្ពុជាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

លោកបន្តថា “ចាប់ពីការនាំចេញចេករបស់កម្ពុជា ទៅកាន់ប្រទេសចិនដោយជោគជ័យក្នុងឆ្នាំ២០១៩មក ឧស្សាហកម្មចេករបស់កម្ពុជាសម្រេចបាន នូវការអភិវឌ្ឍន៍លោតផ្លោះជាលំដាប់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងបរិមាណនាំចេញ បានកើនឡើងពី១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ ដល់៤២,៣ម៉ឺនតោន ក្នុងឆ្នាំ២០២១។ ក្រៅពីនេះ ផ្លែស្វាយ ត្រីប្រា ពោត និងផ្លែមៀនរបស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់។

លោកទូតWang Wentianបានបញ្ជាក់ថា បច្ចុប្បន្ននេះ ភាគីទាំងពិរកំពុងខិតខំជំរុញការងារ ដែលនាំចេញម្រេចកម្ពុជា ផលិតផលវារីវប្បកម្មសត្វព្រៃ សត្វក្នុងទឹកដែលអាចបិរភោគបាន សំបុកត្រចៀកកាំ និងដូងជាដើមទៅកាន់ប្រទេស។ លោកបន្ថែមថា ដោយសារកសិផលកម្ពុជាកាន់តែច្រើន ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ចិន វិស័យពាក់ព័ន្ធនឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកអះអាងទៀតថា វិស័យកសិកម្ម គឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាយើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ នឹងមានកសិផលរបស់កម្ពុជា ដែលមានគុណភាពល្អកាន់តែច្រើនប្រភេទទៀត នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ហើយកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទសទាំងពីរ ក៏នឹងឈានដល់កម្រិតថ្មីមួយទៀតផងដែរ នឹងជួយដល់ការអភិវឌ្ឍន៍នៃសហគមន៍ជោគវាសនារួមប្រកបដោយភាពជ្រុងជ្រោយ។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមយយនឹងការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។

លោកបានឲ្យដឹងទៀតថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសចិនសម្រេចបានជាង៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ៤៩១លានដុល្លារ។

គិតមកដល់ពេលនេះ ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេ​ទទី៣ ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here