រដ្ឋាភិបាលនិងក្រុមហ៊ុនចិនកំពុងរៀបចំផែនការពង្រីកផ្លូវជាតិលេខ៦ពីស្រុកសូទ្រនិគម ដល់ក្រុងសៀមរាប

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅដល់ក្រុងសៀមរាប ត្រូវបានលើកយកមកពិនិត្យពិភាក្សា។

ការពង្រីកផ្លូវនេះ ដើម្បីត្រៀមទទួលកំណើនលំហូរចរាចរណ៍ ខណៈព្រលានយន្តហោះថ្មីនឹងបើកដំណើរការនៅឆ្នាំក្រោយ។

លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាពដំបូង នៃគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅដល់ក្រុងសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំណាងក្រុមហ៊ុនសំណង់សៀងហៃ បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយបានបង្ហាញនូវចំណុចសំខាន់រួមមាន ទី១ របាយការណ៍លទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋាន ទី២ លក្ខខណ្ឌបរិស្ថាននៃគម្រោង ទី៣ សក្កានុពលនៃទំហំចរាចរណ៍ ទី៤ បទដ្ឋានលក្ខណៈបច្ចេកទេសនៃការសាងសង់ ទី៥ គ្រោងការណ៍នៃការសាងសង់ត្រង់ កំណាត់ផ្លូវក្រៅក្រុងសៀមរាប។

ទី៦ គ្រោងការណ៍នៃការសាងសង់ ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាប ទី៧ ការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន និងទី៨ ការវាយតម្លៃផ្នែកសេដ្ឋកិច្ច។

លោកលឹម ស៊ីដេនីម បានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្តគម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗ នៅអមសង​ខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និងសួនអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ លើបច្ចេកទេសនៃការសាងសង់ ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង តាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងធានាបានថាប្រព័ន្ធរំដោះទឹក អាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ។

ជាមួយគ្នានោះដែរ លោកក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យបានចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មី ខេត្តសៀមរាបគ្រោងបញ្ចប់ ការសាងសង់ និងបើកឱ្យដំណើរការទទួលអ្នកដំណើរ ក្នុងឆ្នាំក្រោយនេះហើយ។

គម្រោងពង្រីកនេះ មានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀម​រាប ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប១៩,៩៤គីឡូម៉ែត្រ ពោលគឺចាប់ពីចំណុចគីឡូម៉ែត្រលេខ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៣១៣+៥៩០។

គម្រោងពង្រីកកំណាត់ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយសារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here