ការបន្ធូរបន្ថយពន្ធអចលនទ្រព្យជំរុញឱ្យការផ្គត់ផ្គង់លំនៅដ្ឋាន ក្នុងទីផ្សារប្រទេសថៃហក់ឡើងខ្ពស់

ដោយៈ សុខុម

បាងកក: ការបន្តបន្ធូរបន្ថយពន្ធចលនទ្រព្យ លើថ្លៃសេវាផ្ទេរកម្មសិទ្ធិ និងកម្ចីទិញផ្ទះក្នុងឆ្នាំនេះ ដែលរួមបញ្ចូលទាំងលក់ពីម្ចាស់ដើម ទៅអ្នកទី២ បានធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋាន ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ កើនឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា។

លោក Vichai Virakapan អគ្គនាយកស្ដីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) របស់ថៃបានលើកឡើងថា ម្ចាស់ផ្ទះដើមដែលបាន ដាក់លក់ទូទាំងប្រទេស ក្នុងត្រីមាសទី២ឆ្នាំនេះ មានចំនួនសរុបជាមធ្យម១៦២.៧១៦យូនីតក្នុងមួយខែៗ ជាមួយនឹងតម្លៃរុប៩៩៦ពាន់លានបាត (ជាង២៦,៣ពាន់លានដុល្លារអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា “តួលេខនេះនេះបង្ហាញពីកំណើ​ន១៨% បើធៀបនឹងតួលេខក្នុងត្រីមាសទី១”។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា ផ្ទះលក់ទៅកាន់អ្នកទី២ ដែលត្រូវបានដាក់លក់ច្រើនជាងគេបំផុត គឺជាប្រភេទផ្ទះវីឡាសង់ដាច់តែឯង (Single Detached House) ដែលមានចំនួន៦៤.៣៩២យូនីត បន្ទាប់មកខុនដូមានចំនួន៤៩.២៥០យូនីត និងផ្ទះ Townhouse (ប្រភេទផ្ទះដែលមានកម្ពស់បីជាន់) មានចំនួន៤២.៦២៦យូនីត។

ការផ្គត់ផ្គង់ខុនដូប្រចាំត្រីមាស សម្រេចបានកំណើន២១% បន្ទាប់មកគឺផ្ទះអាជីវកម្ម (Shophouse) សម្រេចបានកំណើន២០% ផ្ទះ Townhouse សម្រេចបានកំណើន១៧% ផ្ទះវីឡាសង់ដាច់តែឯងសម្រេចបានកំណើន១៦,៦% និងផ្ទះវីឡាមានឡៅតឿ (Duplex House) សម្រេចបានកំណើន១,៩%។

ទោះជាយ៉ាងណា ទិន្នន័យសម្រាប់ត្រីមាសទី៣ មិនទាន់មាននៅឡើយទេ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here