កម្ពុជារកឃើញផូស៊ីលដាយណូស័រអាយុចន្លោះពី៦៥ទៅ១៩០លានឆ្នាំមុនជាលើកដំបូងនៅខេត្តកោះកុង

 ដោយៈគង់ សូរិយា

       កោះកុងៈ កម្ពុជារកឃើញផូស៊ីលដាយណូស័រ ជាលើកដំបូងនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅឆ្នាំ២០២១។

ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោកលឹម វណ្ណច័ន្ទ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នកជំនាញសន្និដ្ឋានជាបឋមថា ផូស៊ីលដាយណូស័រនោះ ជាឆ្អឹងស្មងជើងខាងឆ្វេង ដែលវាមានកម្ពស់៣ម៉ែត្រ។

លោកបានបញ្ជាក់ថា “ផូស៊ីលដាយណូស័រនេះ ត្រូវបានប្រទះឃើញដោយចៃដន្យ នៅក្នុងស្រទាប់ថ្មភក់ផ្នែកខាងក្រោមកោះប៉ោ។ ផូស៊ីលដាយណូស័រដែលមានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ”។លោក​បន្តថា “អ្នកស្រាវជ្រាវមិនទាន់អាចបញ្ជាក់បានថា ជាប្រភេទដាយណូស័រណានៅឡើយទេ ប៉ុន្តែបើផ្អែកតាមស្រទាប់ថ្មភក់ វាមានអាយុកាលចន្លោះពី៦៥លានទៅ១៩០លានឆ្នាំមុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកចុះទៅសិក្សាស្រាវជ្រាវ ផូស៊ីលនោះដោយផ្ទាល់បានប្រាប់ថា អាយុកាលរបស់វា គឺវាចាស់ជាងពួកដំរី ដែលមានជីវិតនៅលើពិភពលោក។ ចំណែកថ្ម ដែលយើងឃើញនោះគឺវាចាស់ជាង៦៥លានឆ្នាំ។ ពេលវេលាវាខុសគ្នា អ៊ីចឹងការដែលយើងសិក្សាផ្នែកផូស៊ីល គឺយើងសិក្សាទៅលើថ្ម បូកផ្សំនឹងដី និងជីវចម្រុះ។ យើងរកឃើញវានៅលើកោះប៉ោ ប៉ុន្តែកោះហ្នឹងនៅលើភ្នំ ជាប់នឹងដៃសមុទ្រ។

ការសិក្សាផូស៊ីល គឺយើងពិនិត្យលើសណ្ឋានដីរបស់វា កោះប៉ោភ្ជាប់ទៅហ្នឹងភ្នំក្រវាញ ដែលអាយុភ្នំក្រវាញគឺមានអាយុចន្លោះ ៦៥លានទៅជាង ១០០លានឆ្នាំ គឺជាថ្មដែលសម្បូរជាងគេនៅហ្នឹង អ៊ីចឹងនេះជាភាពទូទៅ។ អ៊ីចឹងយើងពិនិត្យថា ដែលយើងរកឃើញនោះ វាចូលក្នុងភាពទូទៅ ឬស្ថិតក្នុងលក្ខខណ្ឌអីមួយផ្សេង។

លោកបានបន្តថា ទីតាំងដែលយើងរកឃើញនោះ គឺវាស្ថិតក្នុងទីតាំងថ្មភក់ (ដូចថ្មនៅភ្នំគូលែន ដូចថ្មនៅក្នុងអង្គរ) អ៊ីចឹងលក្ខណៈភូគព្កសាស្ត្រនៃតំបន់ជួរភ្នំក្រវាញ គឺថ្មភក់ហ្នឹង។ ទន្និន័យដែលយើងភ្ជាប់វា គឺវាស៊ីគ្នានឹងទន្និន័យលក្ខណៈទូទៅ អ៊ីចឹងមានកាលបរិច្ឆេទទូទៅហើយ គឺចន្លោះពី៦៥លានឆ្នាំ ទៅជិត២០០លានឆ្នាំ។

ទោះជាយ៉ាងណាលោកថា អ្នកជំនាញនឹងគាស់បំណែកថ្ម ដែលមានផូស៊ីលនោះមករក្សាទុកនៅក្រសួងបរិស្ថាន ដើម្បីបន្តស្រាវជ្រាវ។

លោក លឹម វណ្ណច័ន្ទ នៅខែវិច្ឆិកាខាងមុខនេះ អ្នកជំនាញស្រាវជ្រាវផូស៊ីលជនជាតិបារាំង២នាក់ និងជនជាតិស្វីសចំនួន១នាក់ នឹងមកកម្ពុជាសិក្សាស្រាវជ្រាវ កំណត់អាយុកាល និងកំណត់អំពីប្រភេទដាយណូស័រពិតប្រាកដ។ លោកថា ទម្រាំតែសិក្សាស្រាវជ្រាវចប់ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ទើបដឹងច្បាស់ពីប្រវត្តិផូស៊ីលដាយណូស័រនោះ។

អ្នកជំនាញផ្នែកផូស៊ីលបានប្រាប់ថា យើងដកវាមកទាំងដុំថ្ម គឺយើងមិនមែនដកមកទាំងឆ្អឺងទេ អ៊ីចឹងយើងត្រូវការពេលរាប់ខែ ដើម្បីឆ្កឹះឆ្អឹងវាចេញមក ហើយយើងធ្វើផែនការសិក្សាវាជាបន្តទៀត។

បើតាមលោកប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ កាលណាសិក្សាដឹងច្បាស់អំពី ប្រវត្តិផូស៊ីលដាយណូស័រនោះហើយ ក្រសួងបរិស្ថាននឹងគ្រោងយកវាទៅរក្សាទុកនៅសារមន្ទីរធម្មជាតិ។

លោកបន្តថា នៅចុងឆ្នាំ២០២២ អ្នកជំនាញនឹងបន្តស្រាវជ្រាវ និងធ្វើកំណាយ ដើម្បីស្វែងរកផូស៊ីលដាយណូស័របន្ថែមទៀត នៅទីតាំងដដែលនោះ។

លោកនិយាយថា “វាអាចនឹងមានផូស៊ីលដាយណូស័រ បន្ថែមទៀត ប៉ុន្តែវាគ្រាន់ថា វាស្ថិតក្នុងស្រទាប់ប្រមាណ ៣០ម៉ែត្រក្រោមភ្នំ អ៊ីចឹងវាមិនមែនជាការងាយស្រួលទេ វាគ្រាន់តែការចៃដន្យដែលយើងរកឃើញ”។ លោក​បន្តថា “នៅចុងឆ្នាំនេះយើងគ្រោងបើកស្រាវជ្រាវជម្រៅ៥ ម៉ែត្រ៤ជ្រុង ហើយយើងនឹងបើកស្រាវជ្រាវជុំវិញហ្នឹងថា តើគ្រោងឆ្អឹង និងបំណែងផូស៊ីលដាយណូស័រផ្សងទៀត។

សម្រាប់លោក លឹម វណ្ណច័ន្ទ ការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅកម្ពុជានេះ គឺការផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងអ្នកសិក្សាអាចស្រាវជ្រាវ និងឈ្វេងយល់ពីផូស៊ីលដែលមាននៅក្នុងពិភពលោក។

បើតាមប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បេស​កកម្ម ស្វែងរកផូស៊ីលនៅកម្ពុជា គឺចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយក្នុងនោះអ្នកជំនាញ បានរកឃើញផូស៊ីលជាច្រើនប្រភេទ នៅក្នុងស្ថានីយផូស៊ីលចំនួន៤៣កន្លែង។

ផូស៊ីលដែលរកឃើញមានដូចជា ផូស៊ីលសត្វសមុទ្រ ខ្យង ត្រី លៀស ផ្កាថ្មសំបុកឃ្មុំ ផូស៊ីលដើមឈើ ផូស៊ីលដាយណូស័រ និងផូស៊ីលជាប្រភេទដានជើងជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here