ដោយ: លាងហួរ
ភ្នំពេញ: ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបាន៨១៨លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង១៣,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ដែលចេញផ្សាយក្នុងសប្តាហ៍នេះ។
យោងតាមរបាយការណ៍ដដែល បានឱ្យដឹងថា ក្នុងអំឡុងខែមករាដល់ខែកញ្ញា ប្រទេសកម្ពុជាបាននាំចេញទំនិញ ក្នុងទំហំទឹកប្រាក់៣០១លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ពោលគឺកើនឡើង១៩,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រទេសកម្ពុជាបាននាំចេញស្បែកជើង និងសម្លៀកបំពាក់ផ្សេងៗទៀត ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្ម ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាបាននាំចូលយានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក និងផលិតផលសម្រេច។
ប្រទេសទាំងពីរបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានកំណត់ដើម្បីធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រវាងកម្ពុជា-កូរ៉េខាងត្បូង។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង(CKFTA) អាចជួយជំរុញការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង។
កិច្ចព្រមព្រៀង CKFTA ត្រូវបានគេរំពឹងថានឹងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយប្រទេសកូរ៉េខាងត្បូងយល់ព្រមដកពន្ធ លើផលិតផលចំនួន៩៥,៦ភាគរយ ដែលនាំចូលពីកម្ពុជា ខណៈកម្ពុជានឹងលុបចោលការយកពន្ធលើទំនិញនាំចូល៩៣,៨ភាគរយ៕