លោក ជា ចាន់តូ៖ ស្ថិរភាពថ្លៃនិងអំណាចទិញរួមចំណែកទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា ត្រូវបន្តជំរុញ និងការកិច្ចខិតខំប្រឹងប្រែងថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគ ក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាសាខាកំពត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ជា ចាន់តូ បានក្រើនរំលឹកដល់មន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា សាខាកំពតឲ្យបានយល់កាន់តែច្បាស់ដែរថា “ការណ៍ដែលយើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានស្ថិរភាព ទាំងនេះបានផ្ដល់ឱកាស ឲ្យយើងមានស្ថិរភាពហិរញ្ញវត្ថុ ដែលជាគោលដៅចំបងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីថែរក្សាស្ថិរភាពថ្លៃ អំណាចទិញ ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងការមកវិនិយោគក្នុងប្រទេសកម្ពុជា”។

លោកទេសាភិបាល ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្រ្ដីត្រូវយកចិត្តទុកដាក់រួមមាន៖ បទពិសោធន៍គ្រប់គ្រងល្អ របស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់ បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ការរួមចំណែករបស់សាខាធនាគារជាតិនៃកម្ពុជាខេត្ត ក្នុងការពង្រឹងជំនឿទុកចិត្ត ដល់សាធារណជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។

លោក ជា ចាន់តូ បានសម្ដែងការរីករាយ និងអបអរសាទរដែលកម្ពុជាសូន្យកូវីដ១៩ គឺកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀតឡើយ ដែលជាការបញ្ជាក់ឲ្យដឹងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here