ដោយ: លាងហួរ
វ៉ាស៊ីនតោន: ក្រុមហ៊ុនមេ Facebook Meta Platforms Inc កាលពីថ្ងៃពុធម្សិលមិញនេះបានព្យាករណ៍ថា ការចំណាយសរុបអាចកើនឡើងដល់ទៅ១៦ភាគរយនៅឆ្នាំ២០២៣ ដែលនាំឱ្យផ្សារហ៊ុន Meta ដាំក្បាលចុះជិត២០ភាគរយ។
ក្រុមវិនិយោគិនបានប្រញាប់ទាត់ចោលភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc បន្ទាប់ពីប៉ុន្មានម៉ោង និងលុបចោលតម្លៃទីផ្សាររបស់ខ្លួន ចំនួន៦៧ពាន់លានដុល្លារ បន្ទាប់ពីប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាលើកទី៤ប្រចាំត្រីមាស។
ទស្សនវិស័យដ៏ខកចិត្តនេះបានកើតឡើង នៅពេលដែលក្រុមហ៊ុនMeta កំពុងប្រកួតប្រជែងជាមួយនឹងការថយចុះ នៃកំណើនសេដ្ឋកិច្ចសកល ការប្រកួតប្រជែងពីក្រុមហ៊ុន TikTok ការផ្លាស់ប្តូរឯកជនភាពពីក្រុមហ៊ុន Apple ការព្រួយបារម្ភអំពីការចំណាយដ៏ធំ លើគម្រោងMetaverse និងការគំរាមកំហែង ដែលមិនធ្លាប់មាននៃបទប្បញ្ញត្តិច្បាប់។
នាពេលថ្មីៗនេះ ម្ចាស់ភាគហ៊ុន Meta មួយរូបបានសម្តែងការព្រួយបារម្ភ ដោយហៅការវិនិយោគរបស់ក្រុមហ៊ុនថាមានទំហំធំខ្លាំង និងគួរឱ្យភ័យខ្លាច។ ចំណែកប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះ៤ភាគរយ នៅក្នុងត្រីមាសទី៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។
ក្រុមហ៊ុន Meta បានព្យាករណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទី៤ នឹងស្ថិតក្នុងចន្លោះពី៣០ពាន់លានដុល្លារទៅ៣២,៥ពាន់លានដុល្លារអាមេរិក ដោយស្ថិតក្រោមការព្យាករណ៍ របស់អ្នកវិភាគចំនួន៣២,២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Refinitiv។
ក្រុមហ៊ុននេះក៏បានព្យាករណ៍ផងដែរថា ការចំណាយសរុបពេញមួយឆ្នាំ២០២៣របស់ខ្លួននឹងមានចន្លោះពី៩៦ពាន់លានដុល្លារ ទៅ១០១ពាន់លានដុល្លារ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ ដែលបានកែសម្រួលសម្រាប់ឆ្នាំ២០២២៕