ដោយ: លាងហួរ
បាងកក: លោកPrasit Siritiprussamee ជំនួយការអគ្គលេខា ធិការ នៃគណៈកម្មការនិយតកម្មថាមពល(ERC) បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃពុធ ទី២៦ តុលាថា ប្រទេសថៃគ្រោងនឹងដុតធ្យូងថ្ម សម្រាប់ធ្វើជាថាមពលជំនួស ដើម្បីទប់ទល់នឹងតម្លៃឧស្ម័នធម្មជាតិ ដែលកំពុងហក់ឡើងថ្លៃខ្លាំង។
លោកបានបន្តថា ប្រទេសថៃបានខិតខំ ស្វែងរកប្រភពថាមពលជំនួ សរាប់ចាប់ពីធ្យូងថ្ម រហូតដល់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ស្របពេលមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដ៏ខ្ពស់។
លោកPrasitបានបន្ថែមថា តម្លៃឧស្ម័នធម្មជាតិរាវ(LNG) កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយយើងកំពុងព្យាយាម ដោះស្រាយបញ្ហានេះដោយស្វែងរកជម្រើសផ្សេងទៀតក្រៅពីនេះ។
តម្លៃឧស្ម័នសកលបានកើនឡើង ដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២នេះ ដោយសារការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបចំពេលមានសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសថៃ ដែលជាប្រទេសនាំចូលប្រេង និងឧស្ម័នសុទ្ធ និងជាប្រទេសមានសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍បានពឹងផ្អែក លើការនាំចូលតម្រូវការអគ្គិសនី ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិជិត៧៥ភាគរយ៕