ការិយាល័យគ្រប់គ្រងបំណុលសាធារណៈថៃគ្រោងខ្ចីថវិកាជាង២៣ពាន់លានដុល្លារដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

បាងកក: លោកស្រី Patricia Mongkhonvanit អគ្គនាយករងនៃការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO)បានមានប្រសាសន៍ថា ការិយាល័យនេះគ្រោងខ្ចីថវិកាប្រហែល២៣,៥៣ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ នៅក្នុងចន្លោះឆ្នាំ២០២៣-២០២៧។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការក្នងការខ្ចីប្រាក់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការទាមទាររបស់ទីភ្នាក់ងាររដ្ឋ និងសហគ្រាសរដ្ឋ។

លោកស្រី Patricia បាននិយាយថា ការវិនិយោគនេះនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល បរិក្ខារប្រើប្រាស់ និងការអភិវឌ្ឍលំហពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាព និងការប្រកួតប្រជែងរបស់ប្រទេសថៃ។

លោកស្រីបានបន្តថា ការិយាល័យPDMO នឹងប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងបំណុលរយៈពេលមធ្យម និងឧបករណ៍ចម្រុះជាច្រើនដើម្បីទប់ទល់បំណុលសាធារណៈឱ្យស្ថិតក្នុងកម្រិតតម្លៃ និងហានិភ័យសមស្រប។

លោកស្រី Patricia បានបញ្ជាក់ថា “ផែនការនេះនឹងធានាដល់ភាគីពាក់ព័ន្ធនានាក្នុងស្រុក និងអន្តរជាតិថាការផ្តល់ហិរញ្ញប្បទានសាធារណៈរបស់ប្រទេសថៃនៅតែមានភាពរឹងមាំ”។

ការិយាល័យPDMO គ្រោងនឹងគាំទ្រដល់ទីភ្នាក់ងាររដ្ឋ និងឯកជនក្នុងការផ្តល់មូលបត្របំណុលបៃតង ប័ណ្ណបំណុលសង្គម និងនិរន្តរភាព ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here