ធនាគារពិភពលោកប្រកាសផ្តល់ជំនួយបន្ថែមចំនួន៥០០លានដុល្លារ ដល់អ៊ុយក្រែន

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ធនាគារពិភពលោក បានប្រកាសកាលពីថ្ងៃចន្ទ ទី២៤ ខែតុលា ថា ខ្លួនបានផ្តល់ជំនួយបន្ថែម ចំនួន៥០០លានដុល្លារអាមេរិក ដើម្បីជួយបំពេញតម្រូវការចំណាយបន្ទាន់របស់អ៊ុយក្រែន។

ការប្រកាសនេះធ្វើឡើងនៅមុនថ្ងៃនៃសន្និសីទ ដែលធ្វើឡើងនៅទីក្រុងប៊ែរឡាំង ដែលក្រុមមេដឹកនាំជាតិ អ្នកជំនាញផ្នែកអភិវឌ្ឍន៍ និងនាយកប្រតិបត្តិនឹងពិភាក្សា អំពីរបៀបកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ខណៈសង្គ្រាមរុស្ស៊ី អ៊ុយក្រែនឈានចូលដល់ខែទី៩ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានធនាគារពិភពលោក លោក David Malpass បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលុកលុយរបស់រុស្ស៊ីនៅតែបន្តបង្កឱ្យមានការបំផ្លិចបំផ្លាញដ៏ធំធេង លើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន រួមទាំងបណ្តាញទឹក អនាម័យ និងអគ្គិសនី ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត។

ធនាគារពិភពលោកបានកៀងគរហិរញ្ញប្បទាន សង្គ្រោះបន្ទាន់សរុបចំនួន១៣ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលក្នុងនោះ១១,៤ពាន់លានដុល្លារត្រូវបានបញ្ចេញរួចរាល់។

ធនាគារពិភពលោក រដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបបានឱ្យដឹងនៅក្នុងរបាយការណ៍មួយ ចេញផ្សាយកាលពីខែកញ្ញាថា ការលុកលុយរបស់រុស្ស៊ីបានបណ្តាល ឱ្យមានការខូចខាតដោយផ្ទាល់ជាង៩៧ពាន់លានដុល្លារ ដល់អ៊ុយក្រែនរហូតដល់ថ្ងៃទី០១ ខែមិថុនា ប៉ុន្តែវាអាចចំណា​យប្រាក់ជិត៣៥០ពាន់លានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here