កម្ពុជា អេមីរ៉ាតអារ៉ាប់រួមចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានប្រកាសបើកជាផ្លូវការនូវការផ្ដើមចរចា កាលពីថ្ងៃទី២៤ តុលា ២០២២ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម។

ថ្លែងនៅក្នុងពិធីប្រកាសបើកជាផ្លូវការ ការចាប់ផ្ដើមដំណើរការចរចាកិច្ចព្រមព្រៀងនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ៦០ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា អេមីរ៉ាតអារ៉ាប់រួម នឹងបន្តគាំទ្រដល់ភាពរីកចម្រើន នៃទំនាក់ទំនងពាណិជ្ជកម្មទំនិញ រវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៨ខែដើម ឆ្នាំ២០២២នេះ សម្រេចបានទឹកប្រាក់ប្រមាណ២៧៩លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ៤០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោកក៏បានលើកឡើង អំពីតួនាទីដ៏សំខាន់របស់កិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្នុងការផ្ដល់លទ្ធភាពឱ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែម នូវសក្ដានុពលសេដ្ឋកិច្ចរវាងគ្នា ដែលនឹងក្លាយជាកំលាំងចលករជំរុញកំណើនរួម តាមរយៈការជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និងការជំរុញការវិនិយោគទ្វេភាគីជាដើម។

លោកបន្ថែមថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសសម្រាប់ប្រទេសទាំង២ ដោយសារកិច្ចប្រមព្រៀងនេះ នឹងបន្តពង្រឹងមិត្តភាព ដែលមានស្រាប់ជាប្រពៃណី រវាងប្រទេសទាំងពីរនិងលើកកម្ពស់ទំនាក់ទំនង ដែលកំពុងរីកចម្រើន រវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្នុងចំណោមតំបន់ ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះមានកាលានុវត្តនភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយក សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច ។

លោកបណ្ឌិត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកដ៏សំខាន់ នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធនិ ងរឹងមាំ ជាមួយដៃគូពាណិជ្ជកម្ម ជុំវិញពិភពលោក។ អេមីរ៉ាតអារ៉ាប់រួម បាន និងកំពុងតាក់តែងទស្សនវិស័យសេដ្ឋកិច្ចសេដ្ឋកិច្ច សម្រាប់រយៈពេលវែង និងកសាងនូវមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែមទៀត។

លោកបន្តថា កម្ពុជាគឺជាប្រទេស ដែលមានវិបុលភាពសេដ្ឋកិច្ច នៅក្នុងបេះដូងនៃអាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់ នៅក្នុងវិស័យថាមពលកកើតឡើងវិញ។ ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នាក្នុងការផ្ដល់នូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយយើងជឿជាក់ថា យើងនឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំចេញ ដែលផ្ដល់នូវអត្ថប្រយោជន៍រយៈពេលវែង សម្រាប់ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here