ដោយ: លាងហួរ
ហ្សាការតា: រដ្ឋមន្ត្រីទទួលបន្ទុកវិនិយោគ ប្រទេសឥណ្ឌូនេស៊ីបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលហូរចូលប្រទេសឥណ្ឌូនេស៊ី បានកើនឡើង៦៣,៦ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ នៅក្នុងត្រីមាសទី៣ក្នុងលក្ខខណ្ឌប្រាក់រូពៀ។
លោករដ្ឋមន្ត្រី Bahlil Lahadalia បាននិយាយថា និន្នាការនៃការវិនិយោគ នៅក្នុងឧស្សាហកម្មកែច្នៃ បណ្តាលមកពីការសាងសង់រោងចក្រចម្រាញ់ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការផ្តល់តម្លៃបន្ថែមទៀតដល់ធនធានរ៉ែរបស់ខ្លួន។
លោក Bahlil បាននិយាយថាលំហូរFDI នៅក្នុងត្រីមាសទី៣បានឈានដល់១៦៨,៩ពាន់ពាន់លានរូពៀ(១០,៨៣ពាន់លានដុល្លារ) ដោយ លោកBahlil បានបញ្ជាក់ថា ប្រទេសសិង្ហបុរី ចិន និងជប៉ុនគឺជាប្រភពវិនិយោគធំបំផុត។
ទិន្នន័យនេះ មិនរាប់បញ្ចូលការវិនិយោគ ក្នុងវិស័យធនាគារ និងវិស័យប្រេង និងឧស្ម័នក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នោះទេ។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំរំពឹងថាលំហូរ FDI នៅក្នុងត្រីមាសបន្ទាប់ ក៏នឹងកើនឡើងលើសពី៥០ភាគរយផងដែរ ខណៈក្រុមហ៊ុនឧស្សាហកម្មនានា នឹងព្យាយាមសម្រេចគោលដៅវិនិយោគ នៅឆ្នាំនេះក្នុងត្រីមាសចុងក្រោយ”។
លោក Bahlil បាននិយាយថាលោកជឿជាក់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅក្នុងប្រទេសដៃគូដ៏ធំបំផុតមួយរបស់ខ្លួន គឺប្រទេសចិននឹងមិនប៉ះពាល់ ដល់លំហូរនៃការវិនិយោគចូល ទៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែស្ថិរភាពនយោបាយរបស់ទីក្រុងប៉េកាំង។
យោងតាមទិន្នន័យរបស់ក្រសួងបានឱ្យដឹងថា លំហូរវិនិយោគពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងត្រីមាសទី ៣បានកើនឡើងដល់១,៦ពាន់លានដុល្លារ ក្រោមប្រទេសសិង្ហបុរីចំនួន៣,៨ពាន់លានដុល្លារ។
លោក Bahlil បានបន្ថែមថាប្រទេសមួយចំនួន ដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសអឺរ៉ុបមួយចំនួនបានសន្យាថា នឹងបោះទុនវិនិយោគនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសនេះ Nusantara ទោះបីជាលោកមិនអាចផ្តល់ព័ត៌មានលម្អិត អំពីចំនួនទឹកប្រាក់ដែលបានស្នើឡើងក៏ដោយ៕