ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានជាង៤១ពាន់លានដុល្លារគិតត្រឹម៩ខែឆ្នាំនេះ

ដោយ៖ សហការី

ភ្នំពេញ៖ គិតក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានចំនួនជាង៤១ពាន់លានដុល្លារអាមេរិក ​កើនឡើងប្រមាណ ១៨ភាគរយ បើធៀបរយៈពេល​ដូចគ្នា​ទៅនឹងឆ្នាំ២០២១។

ក្នុងជំនួបការងារ រវាងលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិ​ខាងការងារ​ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ​(JETRO) កាលពីសប្តាហ៍កន្លងទៅ ​បានឱ្យដឹងថា ជាមួយលទ្ធផលខាងលើនេះ ​ការនាំចេញមានចំនួនជាង១៧ពាន់​លានដុល្លារអាមេរិក កើនឡើង២២ភាគរយ និងការនាំចូលជាង២៣ពាន់លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែល បានរៀបរាប់បន្តថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន ​សំលៀកបំពាក់ សម្ភារៈធ្វើដំណើរ និងកាបូប ស្បែកជើង ម៉ាស៊ីនបរិធាន ​និងសម្ភារៈអគ្គិសនី គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ និងកង់-ល-។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ​តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មី​នូវការ​ប្តេជ្ញា​ចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម​ ILO-Tokyo office និង​អង្គការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​ ក្នុងការកែលម្អលក្ខខណ្ឌការងារ ​សិទ្ធិកម្មករ ​សេរីភាពអង្គការវិជ្ជាជីវៈ និង​ជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ ​កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​និងវិស័យផ្សេងៗទៀត ​បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែល​ទិញពីកម្ពុជា ​ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។

បន្ថែមលើនេះ ​កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿង​អេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោង​រោង​ចក្រ​កាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជា​យន្តការ​ក្នុងការ​ជំរុញឱ្យមានការបញ្ជារទិញ​ទំនិញ​ពី​កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here