លោក ហុង សុហួរ៖ ផ្សារមូលបត្រកម្ពុជារំពឹងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុផារី

 

ភ្នំពេញ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផ្សារមូលបត្រកម្ពុជា រំពឹងថា ផ្សារមូលបត្រកម្ពុជា នឹងអាចចូលរួមជ្រោមជ្រែងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសពិព័ណ៍ផ្សារភាគហ៊ុនកម្ពុជា “My First Stock” ឆ្នាំ២០២២ លោក ហុង សុហួរ បានមានប្រសាសន៍ថា “យើងមានក្តីស្រមៃចង់ឱ្យផ្សារមូលបត្រកម្ពុជាដើរតួនាទីដូចគេដែរ ចូលរួមជួយជ្រោមជ្រែងរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យឯកជន ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងបង្កើតប្រភពចំណូលថ្មីសម្រាប់សាធារណជនទូទៅ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា “ផ្សារមូលបត្រកម្ពុជា ក៏ចង់ចូលរួមក្នុងការបង្កើតវប្បធម៌ថ្មីមួយ នៃតម្លាភាព ការបង់ពន្ធពេញលេញ គាំទ្រវិស័យឯកជនឲ្យកាន់តែពេញទំហឹងមួយកម្រិតទៀត”។

ទីផ្សារមូលបត្រកម្ពុជា ត្រូវបានអនុម័តក្នុងឆ្នាំ២០០៧ ហើយត្រូវបានដាក់ឱ្យដំណើរក្នុងឆ្នាំ​២០០៨​ ។ នៅក្នុងឆ្នាំ២០១០ ផ្សារមូលបត្រកម្ពុជា ​បានសហការជាមួយក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ ហើយបានដាក់ឱ្យជួញដូរមូលបត្រជាលើកដំបូង នៅឆ្នាំ២០១២។

លោក ហុង សុហួរ មានប្រសាសន៍នាពេលកន្លងមកថា ចាប់ពីឆ្នាំ២០១៩មក ទំហំជួយដូរក្នុងផ្សារមូលបត្រកម្ពុជា គឺមានកើនឡើងយ៉ាងខ្លាំង ដោយជាមធ្យម​មានទំហំទឹកប្រាក់ជិត១៦ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ ទំហំជួញដូរនេះបានកើនដល់រង្វង់៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនៃ​ឆ្នាំ២០២២ បើធៀបនឹងកាលឆ្នាំ២០១៨ទំហំជួញដូរ មានត្រឹម២ម៉ឺនដុល្លារ ឬក្រោមនេះទៀតទៅ។

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ក្នុងនោះក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ។

 

បើគិតពីដើមឆ្នាំ២០២២ មកផ្សារមូលបត្រកម្ពុជា មានគណនីជួញដូរជាង ៣៣ពាន់គណនីហើយ រីឯទំហំជួញដូរវិញ គឺមានប្រមាណ៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២១ ដែលមានទំហំប្រមាណ២៨ម៉ឺនដុល្លារក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here