ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាផ្តល់ឱកាសកាន់តែទំលំទូលាយដល់សាធារណជនទៅលើការវិនិយោគក្នុងទីផ្សារ

ដោយ៖ សូរិយា

ភ្នំពេញ៖ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2022 ជាលើកទី៥ បានបើកសម្ភោធជាផ្លូវការហើយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ដែលនឹងផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយទៅលើការវិនិយោគក្នុងទីផ្សារ ដូចជាការបើកគណនីជួញដូរ ក៏ដូចជាប្រធានបទផ្សេងៗពាក់ព័ន្ធនឹងទីផ្សារទាំងមូល។

លោក ហុង សុហួរ ហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ផ្សារមូលបត្រកម្ពុជា បានខិតខំដាក់ចេញនូវទំនើបកម្មឌីជីថលជាលំដាប់ ដូចជាមានបង្កើតនូវ APP CSX Trade ការបង្កើតនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ និងការធ្វើទំនើបកម្មនូវបណ្ណាល័យព័ត៌មានរួម Phsarhun APP ជំនាន់ទី២ ដែលផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់វិនិយោគិនក្នុងការស្វែងយល់ពីផ្សារហ៊ុន។ ផ្សារមូលបត្រកម្ពុជា ក៏នឹងបន្តខិតខំបន្ថែមទៀតក្នុងការធ្វើទំនើបកម្មប្រព័ន្ធនានា ដើម្បីសម្រួលដល់វិនិយោគិនក្នុងការវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិព័រណ៍ជាយុទ្ធនាការផ្សព្វផ្សាយបែបនេះ ក្នុងគោលបំណងលើកស្ទួយការរីកចម្រើននៃទីផ្សារមូលធននៅកម្ពុជា។

លោកបានបន្តថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងតែស្ថិតនៅក្នុងបរិបថនៃការរីកចម្រើន ដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្តិ រចនាសម្ព័ន្ធទីផ្សារ ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាចំនួនវិនិយោគិនជាតិ និងអន្តរជាតិ។ ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារ ឱ្យត្រូវជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជានេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន។ ទន្ទឹមនេះ ការពង្រឹងតម្លាភាព ទំនុកចិត្ត និង ភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និងអភិវឌ្ឍប្រកបដោយនិរន្តភាព។

លោកបន្ថែមថា ជាមួយនឹងការរីកចម្រើននៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់កន្លងមកនេះ ដូចជាការបង្កើតឡើងនូវ កម្មវិធីទូរសព្ទដៃ សម្រាប់ធ្វើការជួញដូរ CSX Trade App ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ទំនើបកម្មកម្មវិធីទូរសព្ទ សម្រាប់រៀនសូត្រ Phsarhun App ការបន្តជំរុញក្រុមហ៊ុនសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការបង្កើតយន្តការនានាដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរដោយមិនមានប្រាក់តម្កល់១០០% នឹងធ្វើឱ្យទីផ្សាររបស់យើងកាន់តែសកម្ម។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកទី៥ ត្រូវបានរៀបចំឡើងចំនួន៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែតុលា ឆ្នាំ ២០២២ ក្នុងគោលបំណងសំខាន់ៗ ដូចជា បន្តផ្សព្វផ្សាយ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់វិនិយោគិនថ្មី និងជំរុញការបើកគណនីជួញដូរ ដោយផ្តល់ជូនសាធារណជននូវការផ្តល់ជូនលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្ងៃ និងការបញ្ជុះកម្រៃជើងសារ៥០ភាគរយ រហូតដល់ចុងឆ្នាំ៕

   

 

LEAVE A REPLY

Please enter your comment!
Please enter your name here