ដោយៈ វណ្ណារ៉ា
ភ្នំពេញៈ និយាយពីការវិនិយោគគេតែងផ្តោតសំខាន់ ទៅលើភាពប្រឈមនៃវិបត្តិ Covid-19 ខណៈដែលបណ្តាប្រទេសនានានៅលើសាកលលោក ក៏ដូចជាកម្ពុជាផងដែរនោះកំពុងទទួលនូវផលប៉ះពាល់យ៉ាងខ្លាំង។ ដោយឡែកសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញ និងអ្នកវិនិយោគជាតិ និងអន្តរជាតិអះអាងមានស្ថានភាពល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន។
លោក Ben Li អគ្គនាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍សំណង់ខុនដូដ៏ធំ នៅក្នុងរាជធានីភ្នំពេញ Urban Village បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះ ដោយបានបង្ហាញពីភាពជឿជាក់ លើទីផ្សារអចលនទ្រព្យកម្ពុជាមានភាពល្អប្រសើរ បើទោះជាមិនមានភាពពុះកញ្ជ្រោល ដូចកាលពីអំឡុងចុងឆ្នាំ២០១៩ក៏ដោយ។
លោក Ben Li បានមានប្រសាសន៍ថា “គម្រោងសាងសង់ជាច្រើន នៅតែបន្តសកម្មភាព ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាគម្រោងសាងសង់អគារខុនដូផងដែរ។លោកបន្ថែមថា “ជាក់ស្ដែង គម្រោងខុនដូក្នុងគម្រោងរួមរបស់ Urban Village កំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតាមការតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់” ។
លោកបញ្ជាក់ថា ទីផ្សារអចលនទ្រព្យបច្ចុប្បន្ន បាននិងកំពុងផ្តល់ល្អដល់បណ្តាអ្នកវិនិយោគ ដែលមានចរន្តសាច់ប្រាក់គ្រប់គ្រាន់ ទិញសម្រាប់លក់បន្តយកចំណេញក្រោយពេលវិបត្តិត្រូវបញ្ចប់។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CSA ជនជាតិសិង្ហបុរី លោក Alan Neo ដែលកំពុងមានប្រតិបត្តិការយ៉ាងសកម្ម នៅលើទីផ្សារអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ថ្វីត្បិតវិស័យអចលនទ្រព្យកម្ពុជា ទទួលរងនូវផលប៉ះពាល់ ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តានានា នៅលើសាកលលោក ជាពិសេសប្រទេសក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ចិន និងហុងកុង គឺកម្ពុជាមានស្ថានភាពល្អជាងគេ។
លោកបានបញ្ជាក់ថា “ទោះជាកម្ពុជាកំពុងតែទទួលរងនូវផលអវិជ្ជមាន ពីវិបត្តិ Covid-19 ប៉ុន្តែទីផ្សារនៃការទិញ -លក់អចលនទ្រព្យនៅតែមាន ដូចជាដីធ្លីលំនៅដ្ឋាន ជាពិសេសខុនដូ។ លោកបន្តថា “តាមភាពជាក់ស្ដែងនៃការលក់របស់ក្រុមហ៊ុន CSA ទៅលើគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសវិស័យខុនដូកម្រិតមធ្យម គិតចាប់ពីដើមខែកក្កដា រហូតមកដល់ពេលនេះ គឺមានដំណើរការល្អ បើធៀបទៅនឹងរយៈពេល៦ខែនៃឆ្នាំនេះ ហើយអតិថិជន និងអ្នកវិនិយោគភាគច្រើនជាជនជាតិខ្មែរ។
លោកបន្ថែមថា “ខ្ញុំជឿជាក់ថា នៅឆ្នាំបន្ទាប់ទីផ្សារអចលនទ្រព្យនឹងល្អប្រសើរជាងនេះទៀតជាក់ជាមិនខាន” ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “បើទោះជាស្ថានភាពនៃភាពប្រឈម នៅក្នុងប្រទេសកម្ពុជាត្រូវបានធូរស្រាល ប៉ុន្តែនៅមិនទាន់មានអ្នកវិនិយោគ និងអ្នកជំនួញមកពីក្រៅប្រទេសនៅឡើយ ដោយហេតុថា បណ្តាប្រទេសនានា នៅបន្តបិទការធ្វើដំណើរឆ្លងប្រទេស។ ដូច្នេះ វាជាឧបសគ្គមួយដល់វិស័យអចលនទ្រព្យនៅកម្ពុជា” ។
លោកបញ្ជាក់ថា “យើងទទួលស្គាល់ថា នៅក្នុងរយៈពេលប្រមាណជាង៣ខែកន្លងទៅនេះ សកម្មភាពទីផ្សារ ដែលរួមមានការទិញ-លក់ និងការអភិវឌ្ឍន៍ចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែវាជាសកម្មភាពរបស់អ្នកអភិវឌ្ឍន៍ និងតម្រូវការរបស់ប្រជាជនក្នុងស្រុកតែប៉ុណ្ណោះ។ សម្រាប់ឆ្នាំក្រោយ ២០២១ យើងក៏នៅមិនទាន់អាចសន្មត់បានថា មានភាពល្អប្រសើរនឹងកើនឡើង ដល់កម្រិតណានោះទេ ដរាបណាវ៉ាក់សាំងមិនទាន់ប្រកាសដាក់ ឱ្យប្រើជាផ្លូវការ ហើយការស្ដារសេដ្ឋកិច្ចរបស់បណ្តាប្រទេសមួយចំនួន នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ” ៕