កម្ពុជា-ជប៉ុនប្តេជ្ញាចិត្តជំរុញឱ្យទំនិញនៃចេញពីកម្ពុជាមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ

ដោយ៖ សូរិយា

ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ សម្រេចបានចំនួនប្រមាណ៤១.០២៣លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២១កន្លងទៅ។

នៅក្រោយជំនួបការងារ រវាងលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារ (ILO-TOKYO) និងលោក SUSUMU TANAKA សេដ្ឋវិទូជាន់ខ្ពស់របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ការសម្រេចបាននូវទំហំពាណិជ្ជកម្មខាងលើនេះ ក្នុងនោះ ការនាំចេញមានចំនួន១៧.២៥៨លានដុល្លារអាមេរិក កើនឡើង២២ភាគរយ និងការនាំចូល២៣.៧៦៤លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ។

ប្រភពដដែល បានឲ្យដឹងទៀតថា មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន សម្លៀកបំពាក់៧.១៧៥លានដុល្លារអាមេរិក កើនឡើង២៣ភាគរយ សម្ភារៈធ្វើដំណើរនិងកាបូប១.៤១០លានដុល្លារអាមេរិក កើនឡើង៣៥ភាគរយ ស្បែកជើង១.៣២៥លានដុល្លារអាមេរិក កើនឡើង៣៣ភាគរយ ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី១.២៨០លានដុល្លារអាមេរិក កើនឡើង៦៩ភាគរយ គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ៨២៧លានដុល្លារអាមេរិក កើនឡើង១៥ភាគរយ និងកង់៧០០លានដុល្លារអាមេរិក កើនឡើង៤៨ភាគរយ ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរបានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។

បន្ថែមលើនេះ កម្ពុជានឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្នការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here