បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានការធ្លាក់ចុះ និងអាចមិនសម្រេចបានតាមផែនការ

ដោយៈ សុផារី

ភ្នំពេញៈ រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន៣០លានដុល្លារអាមេរិក មានការកើនឡើង២១% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២១ ដែលទទួលបានទឹកប្រាក់ចំនួន២៥លានដុល្លារ។

យ៉ាងណាក្តី សម្រាប់ពេញមួយឆ្នាំ២០២២នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះអាចនឹងមានការស្រកស្រុតចុះ និងមិនបានដូចការគ្រោងទុកនោះទេ។

លោក ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់នៅកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ថា នៅក្នុងរដូវកាលនេះ ជារដូវកើនឡើងខ្ពស់ ក្នុងការនៃចេញផលិតផលរោងចក្រកាត់ដេរ ដែលធ្វើឱ្យមើលឃើញមានកំណើនខ្ពស់ ប៉ុន្តែក្រោយខែ៩នឹងមានការស្រកបន្ទិចម្តងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ក្នុងការពិនិត្យជារួម បរិមាណទំនិញក្នុងឆ្នាំនេះ អាចនឹងមានការស្រកស្រុតចុះ។ វានៅតែខ្ពស់ជាងឆ្នាំ២០២១ ប៉ុន្តែវាមិនដូចការគ្រោងទុក ដែលយើងគិតថា វានឹងមានសន្ទុះឡើងខ្ពស់ ក្នុងលក្ខខណ្ឌធម្មតានោះទេ”។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ រួមមាន ទី១ ចំណូលពីប្រតិបត្តិការផែមានចំនួន២៥លានដុល្លារ ទី២ ចំណូ​លបានពីអាជ្ញាធរផែ មានចំនួន៣លានដុល្លារ។ ទី៣ ចំណូលបានពីសេវាកម្មផ្សេងៗមានចំនួន២១២ពាន់ដុល្លារ។ ទី៤ ចំណូលផ្សេងៗមានចំនួន១លានដុល្លារ។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្មអនុវត្ដន៍សម្រាប់៩ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន ទី១ ទំនិញ-ប្រេងឥន្ធនៈមានចំនួន៣.០៦៨.២៤២តោន កើនឡើង៥,២៣%។ ទី២ នាវាផ្ទុកទំនិញឆ្លងកាត់មានចំនួន២.៧៤៣ជើង កើនឡើង៥៧,២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ចំនួន១.៧៤៤ជើង។ ទី៣ បរិមាណកុងតឺន័រមានចំនួន៣២៩.០៤៣ធីអ៊ីយូ កើនឡើង២៨,៣៣ភាគរយ។ ទី៤ នាវាទេសចរណ៍ មានចំនួន១៦ជើង កើនឡើង១៦ភាគរយ និងទី៥ បរិមាណអ្នកដំណើរមានចំនួន៨៦៨នាក់ កើនឡើង៨៦៨ភាគរយ។

លោកបន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិការឱ្យស្របតាមស្តង់ដារ និងប្រព័​ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិតអ្នកប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here