ធនាគារជាតិនៃកម្ពុជាបញ្ជ្រាបការយល់ដឹងអំពីវិធានការផ្លូវច្បាប់លើផ្តល់ឥណទានខុសច្បាប់

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបការយល់ដឹងបន្ថែមដល់ភាគីពាក់ព័ន្ធ អំពីវិធានការផ្លូវច្បាប់ចំ​ពោះការ​ផ្សព្វផ្សាយ ​និងផ្តល់ឥណទានខុសច្បាប់ ​ដាក់ចេញនូវវិធានការអប់រំ ឬណែនាំ​ដល់​ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវា​ធនាគារផ្លូវការ​ និងចាត់វិធានការតាមផ្លូវច្បាប់ ​ចំពោះអ្នកផ្តល់​សេវា​ធនាគារមិនមានច្បាប់អនុញ្ញាត។

ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២២នេះ ​រួមសហការជាមួយក្រសួង​យុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងអង្គភាពពាក់ព័ន្ធ ​បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិធានការនិង​ការបង្ក្រាបសកម្មភាពផ្សព្វផ្សាយ ​និងផ្តល់ឥណទានដោយខុសច្បាប់​ ដោយកន្លងមកនេះ ធនាគារជាតិ​នៃកម្ពុជា ​បានសង្កេតឃើញថា មានជនខិលខូចមួយចំនួន​នៅតែបន្តធ្វើការ​ផ្សព្វផ្សាយ​យ៉ាងបើកចំហ ​ស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗ​ជាច្រើនដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាម​ខិត្តប័ណ្ណ និងការបិតផ្សាយ​តាម​ទីកន្លែងសាធារណៈនានាជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា ៩ នៃច្បាប់ ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ​ការផ្តល់ឥណទានខុសច្បាប់នេះ ​ក៏ផ្តល់ផលប៉ះពាល់ដល់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានបំណុលច្រើនលើសលុប តាមរយៈការយក​អត្រាការ​ប្រាក់ខ្ពស់ហួសហេតុ ​និងម្យ៉ាងវិញទៀត បញ្ហាកង្វះក្រមសីលធម៌ ​និងយន្តការការពារ​អតិថិជន ​អាចជំរុញឱ្យមានអំពើហិង្សា​ ការបាត់បង់ទ្រព្យធានា ​និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ ហើយក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី “ការផ្សព្វផ្សាយនិងផ្តល់ឥណទាន​ដោយ​ខុសច្បាប់” ដើម្បីផ្តល់សារបន្ថែម ដល់សាធារណជន អំពីគ្រឹះស្ថានស្របច្បាប់និងផ្លូវការ ដែលផ្តល់សេវាឥណទាន​ និងសេវាពាក់ព័ន្ធផ្សេងទៀត ព្រមទាំងស្នើបង្កើនការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ចំពោះអ្នកផ្តល់សេវាឥណទានខុសច្បាប់ និងក្រៅផ្លូវការ។

 

ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​និងក្រសួងយុត្តិធម៌ នឹង​រៀបចំ​ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ​អំពីលទ្ធផលនៃសិក្ខាសាលា ក៏ដូចជាជំហរនៃកិច្ច​សហការគ្នា​ទៅវិញទៅមក ក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ​ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ​ និងផ្តល់ឥណទានខុសច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here