រដ្ឋាភិបាលកម្ពុជាអំពាវនាវសិស្សជាប់បាក់ឌុបពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

ដោយ: សូរិយា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវសិស្សានុសិស្ស ដែលប្រឡងជាប់ទាំងអស់ ពិចារណាចាប់យកជំនាញបច្ចេកទេសឌីជីថល ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ ខណៈដែលសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នឹងមកដល់ពេលខាងមុខ។

ក្នុងសេចក្ដីអំពាវនាវស្ដីពី ការលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដែលចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបានបន្តថា ដោយក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល គឺសូមអំពាវនាវ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។

ក្រសួងប្រៃសណីយ៍ សង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ សិស្សានុស្សិសទាំងអស់ នឹងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែង និងប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ នាពេលអនាគត។

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ ខែធ្នូខាងមុខ។ សម្រាប់លទ្ធផលប្រឡងខាងលើនេះ នឹងប្រកាសនៅចុងខែធ្នូ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here