គ្រឹះស្ថានហិរញ្ញវត្ថុនានាប្រកាសយោគយល់និងអនុគ្រោះដល់អតិថិជនដែលរងគ្រោះដោយសារទឹកជំនន់

ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសបណ្ដាខេត្តនៅប៉ែកខាងជើងប្រទេស គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានប្រកាសពីការយោគយល់និងអនុគ្រោះ ដល់អតិថិជនដែលរងគ្រោះ ដោយសារតែទឹកជំនន់។

យោងតាមសេចក្ដីថ្លែងការណ៍រួម រវាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩ តុលា២០២២នេះ  ឱ្យដឹងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្ដល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្ដែងដោយ​សារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍សម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី១៧តុលា២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីថ្លែងការណ៍ដដែលនេះឱ្យដឹងថា “ការផ្ដល់ជូននេះ នឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី១៨តុលា ២០២២”។

ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្ដល់កិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះ តាមការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសមាគមទាំងពីរនឹងពិនិ ត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និងឬក៏លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន ។

យោងតាមអនុសាសន៍សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានណែនាំឱ្យចុះសិក្សា ទៅលើចំនួនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នឹងត្រៀមថវិកាប្រមាណ២លានដុល្លារអាមេរិក សម្រា​ប់ជួយដោះស្រាយបញ្ហា ដោយនឹងជួយដល់ពលរដ្ឋរងគ្រោះរយៈពេល៣ខែ ។ ក្រសួងពាណិជ្ជកម្ម ក៏បានត្រៀមនូវស្បៀងបមុ្រងទុក សម្រាប់ជួយដោះស្រាយបញ្ហាខ្វះខាត ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here