កម្ពុជាជាប្រទេសទី១នៅអាស៊ាន ដែលអនុម័តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន

 ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានថ្លែងថា វិស័យឯកជន រួមទាំងវិស័យធនាគារនៅកម្ពុជា បានយល់កាន់តែច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ។

ការថ្លែងបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក “កិច្ចប្រជុំកំពូលលើកទី២ស្តីពី ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២” នៅទីក្រុងសៀមរាប នាវេលាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បាន នឹងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន បើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះផងដែរ លោក សាយ សំអាល់ បានបញ្ជាក់ថា នេះគឺជាវេទិកាដ៏សំខាន់ សម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់វិស័យឯកជន និងជាមូលដ្ឋាន សម្រាប់ការពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគ​ លើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។

លោកបានឱ្យដឹងថា កម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ដែលរួមចំណែកតិចតួចបំផុត ក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោក ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។ តែយើងមានឆន្ទៈនយោបាយខ្ពស់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេចកិច្ចការនេះបាន ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។

លោកថា ជាក់ស្តែង កម្ពុជាជាប្រទេសទី១ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងជាប្រទេសទី២ ក្នុងចំណោមប្រទេលអភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្រ្ត​ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញាចិត្ត និងគាំទ្រ “ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥” ដែលផ្តោតទៅលើតុល្យ​ភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here