រាជរដ្ឋាភិបាបានត្រៀមស្បៀងបម្រុងរួចជាស្រេចដើម្បីដោះស្រាយជាបន្ទាន់ពីគ្រោះទឹកជំនន់

ដោយៈ លក្ខិណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ត បានថ្លែងនៅក្នុងកិច្ចប្រុំមួយជាមួយក្រសួងរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៨តុលា២០២២ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្គ្រីន ត្រេដជាសេនាធិការ បានត្រៀមរួចជាស្រេច ក្នុងការរៀបចំសន្និធិស្បៀង ត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។

លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួ​ងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់ លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោកបន្តថា ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ដោយផ្អែកតាមលិខិតរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុ​ងកម្ពុជា  ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង១៧.៩៨៦កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន២៥គីឡូ​ក្រាម​ មី០១ កេស (២៤កញ្ចប់) ទឹកត្រី ០១ យួរ (០៦ ដប) ទឹកស៊ីអ៊ីវ ០១យួរ (០៦ ដប) ទឹកសុទ្ធ ១ កេស (១២ ដប ១ ដបចំណុះ ១,៥ លីត្រ)  និងត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង)។

លោកប៉ាន សូរស័ក្តិថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន១០.០៥០គ្រួសារ និងត្រៀមជាស្រេចដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយ​សារទឹកជំនន់ធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា “ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋ ចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here