ដោយៈ សុខុម
ហាណូយ: សេចក្តីព្រាងច្បាប់ស្តីពីដីធ្លី ដែលនឹងត្រូវដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំរដ្ឋសភារបស់វៀតណាម ជាលើកដំបូងក្នុងខែនេះកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណជនទូទៅ។
ការគាំទ្រ និងការសាទរពីសាធារណជនទូទៅនេះ ដោយសារតែវិសោធនកម្មនេះ នឹងដកចេញនូវក្របខណ្ឌតម្លៃដីធ្លីកំណត់ដោយរដ្ឋ ដើម្បីធានាបាននូវតម្លៃផ្អែកលើគោលការណ៍ទីផ្សារ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា។
មជ្ឈដ្ឋានទូទៅរំពឹងថា វិសោធនកម្មនេះ នឹងជួយជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យ ព្រមទាំងសេដ្ឋកិច្ចបានយ៉ាងច្រើន។
បច្ចុប្បន្នក្របខណ្ឌតម្លៃដីធ្លី ត្រូវបានរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់រៀងរាល់៥ឆ្នាំម្តង។ ដោយផ្អែកលើក្របខណ្ឌនេះ គណៈកម្មាធិការប្រជាជនមូលដ្ឋានជាអ្នកកំណត់តារាងតម្លៃដោយផ្ទាល់ សម្រាប់ការគណនាថ្លៃបង់ពន្ធ ឬគណនាតម្លៃដីសម្រាប់ផ្ដល់សំណង នៅពេលមានការឈូសឆាយដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍នានា។
ទោះជាយ៉ាងណា បារែនតម្លៃដីបច្ចុប្បន្នគឺទាបណាស់ បើធៀបទៅនឹងតម្លៃដីទិញលក់ដោយផ្ទាល់ នៅលើទីផ្សាររវាងអ្នកលក់ និងអ្នកទិញ។ តម្លៃទីផ្សារពិតប្រាកដ តែងតែខ្ពស់ជាងតម្លៃដែលកំណត់ ដោយគណៈកម្មាធិការប្រជាជនក្នុងមូលដ្ឋាន។
យោងតាមលោកបណ្ឌិត Nguyễn Đình Thọ អគ្គនាយកវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយធនធានធម្មជាតិ និងបរិស្ថានឱ្យដឹងថា ច្បាប់ស្តីពីដីធ្លីឆ្នាំ២០១៣ នេះចែងថា តម្លៃដីក្នុងក្របខណ្ឌត្រូវតែស្មើនឹងតម្លៃទីផ្សារ ប៉ុន្តែការពិតគឺទាបជាងឆ្ងាយណាស់។ ក្របខណ្ឌតម្លៃដីបច្ចុប្បន្នសម្រាប់តំបន់ភាគច្រើន គឺទាបជាងតម្លៃទីផ្សារចន្លោះពី៣០%ទៅ៦០%។
លោកសាស្ត្រាចារ្យ Đặng Hùng Võ អតីតអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានលើកឡើងថា គម្លាតដ៏ធំរវាងតម្លៃដីទាំង២នេះបានបង្កឱ្យមានជម្លោះ ការប្ដឹងផ្ដល់ អំពើពុករលួយ និងភាពចលាចលនៅក្នុងទីផ្សារអចលនទ្រព្យ៕ Vietnam News៕