មន្រ្តីជាន់ខ្ពស់ៈ កម្ពុជាជឿជាក់លើអត្ថប្រយោជន៍នៃសមាហរណកម្មនិងកិច្ចសហប្រតិបត្តិការ

ដោយៈ គង់ ម៉ាលីនណា

       ហាណូយៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាវាគ្មិនដ៏សំខាន់មួយរូបក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់ អាស៊ីអាគ្នេយ៍របស់អង្គការ OECD ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ។

លោកសុខ ចិន្តាសោភា គឺជាវាគ្មិនមួយរូបដែលបានធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សា ថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ “ភាពជាដៃគូរវាងតំបន់អាស៊ីអាគ្នេយ៍ និងអង្គការ OECD ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់” ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃទៀត ដែលរួមមានដូចជា លោកស្រី Mary Ng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ ការជំរុញការនាំចេញ ការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ចខ្នាតតូចនៃប្រទេសកាណាដា លោក Park Jin រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ លោកTobias Lindner រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ លោក Takagi Kei អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ានជាដើម។

ក្នុងឱកាសនោះ លោកសុខ ចិន្តាសោភា បានថ្លែងដោយសង្កត់ធ្ងន់ពីស្មារតីនៃការរួបរួមគ្នាជាធ្លុងមួយ ដើម្បីទទួលបាននូវផលប្រយោជន៍រួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងដូច្នេះថា​”រូបិយប័ណ្ណដ៏មានតម្លៃបំផុត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាពេលវេលា។ តាមរយៈការប្រើប្រាស់ឌីជីថលភាវូបនីយកម្ម និងម៉ូដែលព្យាករណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ យើងនឹងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលលឿនជាងមុន និងថោកជាងមុន និងអាចជួយសង្គ្រោះជីវិតមនុស្សបាន យ៉ាងហោចណាស់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងវិស័យសុខាភិបាល”។

លោកសុខ ចិន្តាសោភាបានថ្លែងថា កម្ពុជាជឿជាក់លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម កាន់តែជិតស្និទ្ធជាមួយប្រទេសនៅក្នុង និងក្រៅតំបន់។ ការប្តេជ្ញារបស់កម្ពុជា ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម និងវិស័យឡូជីស្ទីកក៏បានឆ្លុះបញ្ចាំង តាមរយៈការផ្តល់នូវការលើកទឹកចិត្តវិនិយោគ ក្នុងឧស្សាហកម្មឌីជីថល និងការវិនិយោគក្នុងវិស័យឡូជីស្ទីក នៅក្នុងច្បាប់ស្តីពីវិនិយោគដែលបានអនុម័ត កាលពីចុងឆ្នាំ២០២១កន្លងទៅ។

លោកបន្តថា “លោកខ្ញុំជឿជាក់លើថាមពលមនុស្សជាតិ ហើយខ្ញុំជឿថា ការរួបរួមគ្នាក្នុងភាពជាដៃគូ នឹងអាចកសាងនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដែលរឹងមាំនិងមានភាពធន់ជាងមុន ក៏ដូចជាអនាគតមួយដ៏ភ្លឺស្វាង”។

ក្រោមប្រធានបទ “ការតភ្ជាប់តំបន់៖ ភាពជាដៃគូសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងប្រកបដោយចីរភាព” វេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECDឆ្នាំ២០២២ នេះបានធ្វើការពិភាក្សាអំពីវិធីសាស្រ្ត ក្នុងការលើកកម្ពស់ភាពជាដៃគូ​​ រវាងអង្គការOECD និងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញពាណិជ្ជកម្មសេរី ជំរុញការវិនិយោគ និងគាំទ្រការផ្លាស់ប្តូរវិស័យឌីជីថល និងវិស័យបៃតងក្នុងរយៈពេលវែងខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here