ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះវិញបន្តិចក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងជាង២,៥ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងចិនក្នុងការបញ្ចុះអត្រាពន្ធទៅវិញទៅមកជាបណ្ដោះអាសន្ន និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១០សេន ឬ០,១៥ភាគរយមកនៅត្រឹម៦៦,៥៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0008 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៧សេនមកនៅត្រឹម៦៣,៦០ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក និងប្រទេសចិនបានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ ដោយសហរដ្ឋអាមេរិកបានកាត់បន្ថយពន្ធលើទំនិញចិនពីអត្រា១៤៥ភាគរយមកនៅត្រឹម៣០ភាគរយ ហើយប្រទេសចិនបានកាត់បន្ថយពន្ធលើទំនិញអាមេរិកពីអត្រា១២៥ភាគរយមកនៅសល់ត្រឹម១០ភាគរយ៕