កម្ពុជាពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណ៦៤០០នាក់ រួមមាននិស្សិតបញ្ចប់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។

បើតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ បានឱ្យដឹងថា និស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅក្នុងថ្ងៃនេះ សុទ្ធតែមានការងារធ្វើ និងមាននិស្សិតប្រមាណ១០ភាគរយ នៃនិស្សិតថ្នាក់បរិញ្ញាបត្រ មានអាជីវកម្មខ្លួនឯងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិត ដែលទទួលបានជ័យលាភី និងបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រឹងគុណភាពអប់រំឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានមានប្រសាសន៍រំលឹក ថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាពិតជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជា បានបណ្តុះបណ្តាលបានធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលមិនអាចមើលរំលងបាននោះទេ ។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោកវង្សី វិស្សុត ធ្លាប់បានលើកឡើងផងដែរថា សហគ្រិនភាពក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយមានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះដែរសហគ្រិនក្មេងៗមានចំនួនកាន់តែច្រើន ដោយអ្នកខ្លះរៀននៅថ្នាក់វិទ្យាល័យតែពួកគេមានអាជីវកម្មមានប្រាក់ចំណូលគួរសម ខ្លះទៀតថ្នាក់ឧត្តមសិក្សាតែពួកគេបានបង្កើតអាជីវកម្មដោយចងក្រងជាក្រុមនិងបានបង្កើតការងារជាច្រើនរួចទៅហើយ។

លោកបន្តថា វិស័យសហគ្រិនភាពនេះនឹងមានការរីកចម្រើនបន្ថែមទៀត នៅពេលខាងមុខ ខណៈបច្ចុប្បន្ននេះ យើងមានសមាគមបណ្ដុំសហគ្រិន និងបណ្ដាញសហគ្រិននានា ដើម្បីចាំជួយគ្នា ក្នុងការជំរុញ ឬដោះស្រាយអាជីវកម្មឱ្យសហគ្រិនថ្មីៗ ដែលទើបបង្កើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here