ក្រុមហ៊ុនវៀតណាម VinFast ប្រមូលមកវិញ១ភាគ៣នៃរថយន្តអគ្គិសនីដែលខ្លួនលក់ចេញដោយសារបញ្ហាបច្ចេកទេស

ដោយៈ សុខុម

ហាណូយ: ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ថា ខ្លួននឹងប្រមូលត្រលប់មកវិញនូវរថយន្តអគ្គិសនី (EV) ម៉ូឌែល VF e34 ចំនួន៧៣០គ្រឿង ដែលមានលក់តែនៅលើទីផ្សារក្នុងស្រុក ដើម្បីធ្វើការត្រួតពិនិត្យ និងផ្លាស់ឧបករណ៍ចាប់សញ្ញា ឬស៊ិនស័រចំហៀងចេញ។

ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមបើកដំណើរការ ក្នុងឆ្នាំ២០១៩ គឺជាបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសវៀតណាម Vingroup ហើយលក់រថយន្ត EV បានសរុបចំនួន២.២០៨គ្រឿងចាប់តាំងពីបញ្ចេញលក់កាលពីចុងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនដែលបានឈប់ផលិតរថយន្តប្រើសាំង កាលពីខែសីហា នេះកំពុងត្រៀមពង្រីក ទីផ្សាររបស់ខ្លួននៅសហរដ្ឋអាមេរិក ដោយសង្ឃឹមថានឹងអាចប្រកួតប្រជែង ជាមួយក្រុមហ៊ុនផលិតរថយន្តល្បីៗធំៗ និងចែកចាយរថយន្តស្ព័រប្រើអគ្គិសនីទាំងស្រុង ចំនួន៥.០០០គ្រឿងដំបូងក្នុងខែវិច្ឆិកា ចុងឆ្នាំនេះ។

ក្រុមហ៊ុននេះ ទទួលបានការកក់ទុកជិត៦៥.០០០គ្រឿង ជុំវិញពិភពលោក ហើយរំពឹងថានឹងផលិតរថយន្ត EV បានចំនួន៧៥០.០០០គ្រឿងក្នុងមួយឆ្នាំៗត្រឹមឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីរថយន្តអគ្គិសនី SUV ប្រើអគ្គិសនីសុទ្ធម៉ូឌែល VF8 និងម៉ូឌែល VF9។

កាលពីខែមីនា ក្រុមហ៊ុន VinFast និយាយថា ខ្លួននឹងសាងសង់រោងចក្រផលិតមួយនៅរដ្ឋNorth Carolina សហរដ្ឋអាមេរិក ជាមួយនឹងសមត្ថភាពផលិត១៥០.០០០គ្រឿង ក្នុងមួយឆ្នាំតាមការប៉ាន់ប្រមាណដំបូង។

ក្រុមហ៊ុននេះ ទាក់ទាញបានធនាគារជាច្រើន កាលពីខែកក្កដា ដើម្បីកៀរគរប្រមូលដើមទុន យ៉ាងតិច៤ពាន់លានដុល្លារអាមេរិក សម្រាប់ជំរុញ ឱ្យគម្រោងនេះលេចចេញជារូបរាង។  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here