ក្រុមហ៊ុនក្នុងស្រុកធំមួយគ្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុជាព្រលានដែលមានលក្ខណ:ទំនើបស៊ីវិល័យ

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រុមហ៊ុន Cambodia Airports បានលើកឡើងពីគោលបំណង នៃការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាព្រលានដែលមានលក្ខណ:ទំនើបស៊ីវិល័យ និងបានស្នើសុំជួយអន្តរាគមន៍ ស្តារប្រព័ន្ធអូរនៅជុំវិញព្រលាន ដើម្បីរំដោះជំនន់ទឹកភ្លៀងនូវរដូវវស្សា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកគួច ចំរើន អភិបាល គណ:អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បត្ត៍ ទី១៣ ខែ តុលា ឆ្នាំ២០២២ លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុនCambodia Airports បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានសេចក្តីប្រកាសអន្តរក្រសួង ស្តីពីការអភិវឌ្ឍព្រលានយន្តហោះ ហើយក្រុមហ៊ុននៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍព្រលានយន្តហោះខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍ រីកចម្រើន ជាទស្សន:វិស័យនៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូរភ្ញៀវអ្នកដំណើរចូលមកខេត្តព្រះសីហនុ ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា នៅក្នុងឆ្នាំនេះដោយមានការកិច្ចសហការគាំទ្រពីលោកអភិបាល ខេត្តព្រះសីហនុ ក្នុងការចូលរួមដោះ ស្រាយបញ្ហាប្រព័ន្ធរំដោះទឹកនៅជុំវិញព្រលានកាន់តែល្អប្រសើរ។

លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍លោកនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airports និងសហការី និងថ្លែងអំណរគុណក្រុមហ៊ុន ដែលបានអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។

លោកមានប្រសាសន៍ថា “ការអភិវឌ្ឍជាផ្នែកមួយ នៃសក្តានុពលរបស់ខេត្ត ដែលរាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានឆ្នេរ កោះ កំពង់ ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក និងផ្លូវល្បឿនលៀនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ”។

លោកបន្តថា ខេត្តព្រះសីហនុត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជា កំពង់ផែអន្តរជាតិ ដែលសហការជាមួយប្រទេសជប៉ុន តាមរយ:អង្កការ JICA ពង្រីកកំពង់ផែជំហានាទី២ និងទី៣ ជំរៅទឹករហូតដល់១៧ម៉ែត្រ ព្រលានយន្តហោះអភិវឌ្ឍដោយក្រុមហ៊ុន Cambodia Airports  ផ្លូវល្បឿនលឿនអភិវឌ្ឍដោយក្រុមហ៊ុនចិន ផ្លូវដែកជួបការលំបាកមិនទាន់ទំនើប។

ដើម្បីប្រែក្លាយខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាភិបាលរៀបចំកសាងផែនការមេ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្របច្ចេកទេសដោយវិទ្យាស្ថានស៊ិនជិន (ប្រទេសចិន)។

លោកអភិបាលខេត្តបានបញ្ចាក់ថា រដ្ឋបាលខេត្តត្រូវការពត៌មានជាក់លាក់ នៃកាអភិវឌ្ឍរបស់ក្រុមហ៊ុន Cambodia Airports ដើម្បីដាក់បញ្ចូលក្នុងផែនការមេ ហើយយើងក៏ត្រូវការគាំទ្រគ្នាទៅវិញទៅមកផងដែរ។ តាមរយ:ផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកប ដោយចីរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ ហើយយើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ។

លោកថា “ខេត្តព្រះសីហនុជាផ្នែកមួយនៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា ទន្ទឹមនោះយើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ព្រោះយើងមានសក្តានុពលស្នាក់នៅប្រកបរបនៅទីនេះ”។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា នឹងបញ្ជូនក្រុមការងារបច្ចេកទេសចុះសហការ ជាមួយក្រុមហ៊ុន Cambodia Airports ចុះពិនិត្យប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀងនៅក្នុងព្រលាន យន្តហោះអោយបានឆាប់ នឹងសូមក្រុមហ៊ុនចូលរួមសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមដើម្បីទទួលបានលទ្ធផលល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here