អង្គការសហប្រជាជាតិជំរុញឱ្យមានការផ្លាស់ប្តូរប្រព័ន្ធថាមពល ក្នុងពិភពលោក

ដោយ: លាងហួរ

អន្តរជាតិ: ការវិនិយោគសកលលើថាមពលកកើតឡើងវិញ គួរតែត្រូវបានកើនឡើងបីដងនៅឆ្នាំ២០៥០ ដើម្បីធ្វើឱ្យពិភពលោក ស្ថិតលើគន្លងឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយ ដោយអង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃអង្គារម្សិលមិញនេះ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ការផ្គត់ផ្គង់អគ្គិសនីពីប្រភពថាមពលស្អាត ត្រូវតែកើនឡើងទ្វេដងក្នុងរយៈពេល៨ឆ្នាំខាងមុខ បើមិនដូច្នេះទេ សន្តិសុខថាមពលពិភពលោកអាចនឹងត្រូវបំផ្លាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ នៃសេវាអាកាសធាតុឆ្នាំ២០២២របស់ WMO ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យសន្តិសុខថាមពលពិភពលោកប្រឈមនឹងហានិភ័យ។

ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ រួមទាំងអាកាសធាតុខ្លាំងញឹកញាប់ និងធ្ងន់ធ្ងរ កំពុងប៉ះពាល់ដោយផ្ទាល់ ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ការផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពល។

ទោះបីជាធនធានទឹកមានកម្រិតខ្វះខាត ក្នុងកម្រិតពិភពលោកក៏ដោយក្នុងនោះ៨៧ភាគរយ នៃថាមពលអគ្គិសនីសកល បានមកពីប្រព័ន្ធកម្ដៅ នុយក្លេអ៊ែរ និងទំនប់វារីអគ្គិសនី។

លោក Petteri Taalas អគ្គលេខាធិការ WMO បាននិយាយថា ការបំភាយឧស្ម័នសូន្យគឺជាគោលដៅ ប៉ុន្តែ​យើង​នឹង​ទៅ​ដល់គោលដៅបាន​លុះត្រា​យើង​ផ្គត់ផ្គង់​អគ្គិសនី​ ដែល​បញ្ចេញ​ឧស្ម័ន​តិច​ទ្វេ​រដង​ ក្នុង​រយៈពេល​៨ឆ្នាំ​ខាង​មុខ។

លោកបានបន្តថា “វិស័យថាមពលគឺជាប្រភព នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រហែល៣ភាគ៤នៃពិភពលោក”។ លោកបន្ថែមថា “ការផ្លាស់ប្តូរទៅទម្រង់នៃការបង្កើតថាមពលស្អាត ដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី និងការកែលម្អប្រសិទ្ធភាពថាមពល គឺជារឿងសំខាន់ ប្រសិនបើយើងចង់រីកចម្រើនក្នុងសតវត្សទីម្ភៃមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here