កម្ពុជាជំរុញពិពិធកម្មសេដ្ឋកិច្ចតាមរយៈផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ ៖ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នឹងក្លាយ ជាឧបករណ៍ដ៏ស័ក្តិសិទ្ធមួយទៀតសម្រាប់ប្រើប្រាស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីអភិវឌ្ឍនិងផ្សារភ្ជាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៃប្រទេសកម្ពុជាទៅនឹងខ្សែចង្វាក់តម្លៃតំបន់ និងសកល។

នេះបើយោងតាមក្នុងកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ.) លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា ដែលមានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP ជាសេនាធិការ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះជាខេមរភាសា និងកែសម្រួលឯកសារនេះឱ្យកាន់តែមានភាពគ្រប់ជ្រុង ជ្រោយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបរិបទនៃប្រទេសកម្ពុជា តបតាមស្មារតីកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា បានធ្វើបទបង្ហាញយ៉ាង ក្បោះក្បាយជូនអង្គប្រជុំដែលបានរៀបរាប់ពីសាវតារនៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ភាពចាំបាច់ នៃការរៀបចំផែនទីបង្ហាញផ្លូវ ទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក បញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកនៅកម្ពុជា វិធានការគន្លឹះសម្រាប់ អភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា វឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាពដែល មានចែងក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ និងយន្តការស្ថាប័នសម្រាប់ការអនុវត្ត និងការតាមដាននិងវាយតម្លៃ។

គំនិតផ្តួចផ្តើមចំនួន ២០ត្រូវបានដាក់ចេញនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន ៤ ដែលមានភាពបន្ទាន់ បាននិងកំពុងត្រូវបានអនុវត្ត បើទោះបីសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៏ដោយ ដែលរួមមាន (១) ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (២) ការកំណត់ទីតាំង តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិក (៣) ការសហការ ជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធីបង្កើនជំនាញដល់កម្មករ និយោជិត និង (៤) ការបន្តធ្វើឱ្យ ប្រសើរឡើងនូវនីតិវិធីឡូជីស្ទីក។

លោក អូន ព័ន្ធមុនីរ័ត្ន ជឿជាក់ថាផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធមួយទៀតសម្រាប់ប្រើប្រាស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសនៅក្នុងបរិការណ៍នៃបម្រែបម្រួលនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោក ក្រោយវិបត្តនៃជំងឺរាតត្បាតកូវី៥-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here