តើអ្វីជាគំរោងវិនិយោគរួម និងដំណើរការយ៉ាងដូចម្តេចនៅកម្ពុជា?

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ទីផ្សារ​គម្រោង​វិនិយោគ​រួម ឬ​ទីផ្សារ​មូលនិធិ គឺជា​ទីផ្សារ​ថ្មី​មួយ​នៅ​កម្ពុជា ដែលជា​ច្រក​ផ្តល់​ហិរញ្ញប្បទាន​យ៉ាងសំខាន់ នៅក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធំៗ​។

អាជីវកម្ម​គម្រោង​វិនិយោគ​រួម (collective Investment Scheme) គឺជា​ប្រភេទ​អាជីវកម្ម​មួយ ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​បង្កើត​គម្រោង​វិនិយោគ​ ដើម្បី​ប្រមូល​មូលនិធិ ឬ​សាច់ប្រាក់​ពី វិនិយោគិន​យកទៅ​វិនិយោគ​ក្នុង​គម្រោង​ដែល​បានកំណត់ និង​បែងចែក​ប្រាក់ចំណេញ ឬ អត្ថប្រយោជន៍​ត្រឡប់មក​វិនិយោគិន​ដែល​បាន​ចូលរួម​វិញ​។

យោងតាមឯកសាររបស់និយ័តករមូលបត្រកម្ពុជាបានឲ្យដឹងថា ដើម្បី​អាច​ដំណើរការ​អាជីវកម្ម​គម្រោង​វិនិយោគ​រួម ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​តួអង្គ​សំខាន់ៗ​មួយ ចំនួន​ដែលមាន​ជាអាទិ៍​ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ (Fund Management Company) ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស (Trustee) ក្រុមហ៊ុន​ចែកចាយ​លក់​ទិញ​ត្រឡប់មកវិញ ឬ​ទូទាត់​សង (Distribution Company) និង​ក្រុមហ៊ុន​អភិបាល​មូលនិធិ (Fund Administrator)​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ គឺជា​តួអង្គ​ចម្បង​ដែលមាន​តួនាទី​ក្នុង​ការបង្កើត​គ្រប់គ្រង​ និង​ចាត់ចែងមូលនិធិ ដើម្បី​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​ណាមួយ​ដែលមាន​ការវិភាគ​ច្បាស់លាស់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ជំនាញ​ ដើម្បី​ទទួលបាន​ប្រាក់​ចំណេញ​ជា​អតិបរមា ​សម្រាប់​មូលនិធិ​ក្នុង​កម្រិត​​ហានិភ័យ​ទទួល​យក​បាន​។

ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​អាចបង្កើត​មូលនិធិ ​តាមរយៈ​ការបោះ​ផ្សាយ​លក់​ឯកតា​មូលនិធិ ​ទៅកាន់​វិនិយោគិន ដើម្បី​ធ្វើការ​ប្រមូល​សាច់ប្រាក់​មក​ធ្វើការ​វិនិយោគ ​លើ​គម្រោង​ដែល​បាន​ទទួល​ការអនុញ្ញាត​ពី ន.ម.ក​។ ការលក់​ឯកតា​មូលនិធិ​ទៅកាន់​វិនិយោគិន​ ត្រូវធ្វើឡើង​ដោយ​ក្រុមហ៊ុន​ចែកចាយ​លក់​ទិញ​ត្រឡប់មកវិញ​ ឬ​ទូទាត់​សង​។ ក្រៅពី​តួនាទី​ជា​អ្នក​ជួយ​លក់​ឯកតា​មូលនិធិ ក្រុមហ៊ុន​ចែកចាយ​លក់​ទិញ​ត្រឡប់​មកវិញ ឬ​ទូទាត់​សង​ដែលជា​អ្នកបើក​គណនី​ជូន​វិនិយោគិន ក៏មាន​តួនាទី​ក្នុងការ​ទទួល​ទិញ​ត្រឡប់មកវិញ​នូវ​ឯកតា​មូលនិធិ ដែល​វិនិយោគិន​ចង់​លក់​ត្រឡប់​ទៅឱ្យ​មូលនិធិ​វិញ​ផងដែរ​។

តម្លៃ​នៃ​ឯកតា​មូលនិធិ អាច​មាន​ការប្រែប្រួល​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារ​តម្លៃ​នៃ​ទ្រព្យសកម្ម​របស់​មូលនិធិ អាច​មាន​ការប្រែប្រួល ហើយ​ក្រុមហ៊ុន​អភិបាល​មូលនិធិ ​គឺជា​ក្រុមហ៊ុន​ដែលមាន​តួនាទី ​ក្នុង​ការវាយតម្លៃ​ទ្រព្យសកម្ម​សុទ្ធ និង​កំណត់​តម្លៃ​ឯកតា​មូលនិធិ ផ្ទេរកម្មសិទ្ធិ​នៃ​ឯកតា​មូលនិធិ និង​គណនា​ទ្រព្យសម្បត្តិ​នៃ​បរធន​វិនិយោគ​។

រាល់​សាច់ប្រាក់​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ​ប្រមូលបាន​ពី​វិនិយោគិន ​តាមរយៈ​ការបោះ​ផ្សាយ​លក់​ឯកតា​មូលនិធិ​នេះ​ នឹង​មិន​ត្រូវបាន​រក្សា​ទុក​ ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ផ្ទាល់​នោះទេ ពោលគឺ​សាច់ប្រាក់​ទាំងនោះ​នឹងត្រូវ​រក្សាទុក ​ដោយ​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស ដែលជា​អ្នកតំណាង​ នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ ​លើ​ទ្រព្យសម្បត្តិ​បរធន​វិនិយោគ​ដោយ​អនុលោម​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​របស់ ន.ម.ក​។

ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស ត្រូវតែ​ជា​ក្រុមហ៊ុន​ឯករាជ្យ​ពី​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ និង​ត្រូវមាន​តួនាទី​សំខាន់​ក្នុង​ការត្រួតពិនិត្យ និង​តាមដាន​យ៉ាងសកម្ម ព្រមទាំង​ធានាថា​ប្រតិបត្តិការ និង​ការគ្រប់គ្រង​គម្រោង​វិនិយោគ​រួម​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ធ្វើឡើង​ដោយ​អនុលោម​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

​តួអង្គ​ដូចដែល​បាន​រៀបរាប់​ខាងលើ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាបណ្ណ​/​ការអនុញ្ញាត​ពី ន.ម.ក. ដែលជា​និយ័តករ​នៃ​វិស័យ​មូលបត្រ​ក្នុងប្រទេស​កម្ពុជា​។ គិត​មក​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ​នេះ ន.ម.ក. បាន ផ្ដល់​អាជ្ញាបណ្ណ​/​ការអនុញ្ញាត ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here