ទេសចរអន្តរជាតិមកទស្សនាកម្ពុជាតាមកញ្ចប់ទេសចរណ៍កើនជាង៣០ភាគរយក្នុងរយៈពេល២ខែកន្លងមកនេះ

ដោយៈ សុផារី

ភ្នំពេញៈ ក្រោយការបើកប្រទេសកម្ពុជា ដកចេញវិធានការប្រកាសសុខភាពលើអ្នកដំណើរអន្តរជាតិ និងបណ្ណវ៉ាក់សាំងកូវីដ១៩ ត្រឹមរយៈពេលពីរខែ គឺចាប់ពីខែសីហាដល់ខែកញ្ញាកន្លងមកនេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍ មានការកើនឡើងល្អជាងបណ្តាខែមុនៗ។

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានមានប្រសាសន៍នៅសប្តាហ៍មុនថា នៅក្នុងកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២២ មានប្រមាណជាង១លាន២សែននាក់នោះ សំគាល់ឃើញថា មានតែក្នុងរយៈពេល២ខែចុងក្រោយនេះ ពោលគឺខែសីហា និងខែកញ្ញានេះ ដែលកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ បានមកទស្សនាកម្ពុជា តាមកញ្ចប់ទេស​ចរណ៍មានកំណើនល្អប្រសើរជាងបណ្តាខែមុនៗកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងរំពឹងថា ក្នុងឆ្នាំ២០២២នេះ នឹងមានភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍ប្រមាណ៤០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលឆ្នាំមិនទាន់មានកូវីដរាតត្បាត”។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសមក ភ្ញៀវទេសចរអន្តរជាតិ បានកក់ទិញកញ្ចប់ទេសចរណ៍ មកទស្សនាកម្ពុជា នៅក្នុងអំឡុងខែកញ្ញានេះ មានចំនួនច្រើន ហើយចំនួននេះនឹងកើនជាបន្តបន្ទាប់ទៀតរហូតខែមេសាឆ្នាំ២០២៣។

លោកស្រីបានបន្តថា ក្នុងចំណោមក្រុមហ៊ុនការីទេសចរណ៍ដែលបានព្យួរអាជីវកម្ម មកដល់ពេលនេះ មានក្រុមហ៊ុនការីទេសចរណ៍ប្រមាណ ២០០ក្រុមហ៊ុន បានបើកដំណើរការអាជីវកម្មឡើងវិញ ហើយគេកំពុងមានភាពមមាញឹកខ្លាំង ក្នុងទំនាក់ទំនងភ្ញៀវអន្តរជាតិ និងរៀបចំកញ្ចប់ទេសច​រណ៍តម្លៃសមរម្យ ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅក្នុងខែបន្តបន្ទាប់នេះទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here