ឧទ្យានអង្គរទាក់ទាញភ្ញៀវទេសចរបរទេសជាង១៣ម៉ឺននាក់កើនឡើងជាង២០០០ភាគរយ ក្នុងរយៈពេល៩ខែដំបូង

ដោយ៖ សុផារី

សៀមរាប៖ ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១៣៤.១៥២ នាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២  កើនឡើង២.០៧៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ឧទ្យានបុរាណរកចំណូលបាន៥,៣៦លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះ កើនឡើង២.០១២ភាគរយ បើធៀបនឹងឆ្នាំមុន។

បើយោងតាមគ្រឹះស្ថានអង្គរ តម្លៃ​ចូល​ទស្សនា​ឧទ្យាន​អង្គរក្នុង​មួយ​ថ្ងៃ ​គឺ៣៧ដុល្លារ ការ​ចូល​ទស្សនា​បី​ថ្ងៃ​មាន​តម្លៃ៦២ដុល្លារ និង​ការ​ចូល​ទស្សនា​រយៈពេល​មួយ​សប្តាហ៍​មាន​តម្លៃ៧២ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលបានប្រកាសកាលពីខែមុនថា ជនបរទេស ដែលបានរស់នៅកម្ពុជាលើសពី២ឆ្នាំ អាចដាក់ពាក្យសុំចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ្តិ៍ដោយឥតគិតថ្លៃ ក្នុងរយៈមួយឆ្នាំ។

គ្រឹះស្ថានអង្គរបានបន្តទៀតថា ក្នុងអំឡុងពេលមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឧទ្យានអង្គរបានទទួលភ្ញៀវអន្តរជាតិរហូតដល់២,២លាននាក់ក្នុងឆ្នាំ២០១៩ ដោយរកចំណូលបាន៩៩លានដុល្លារពីការលក់សំបុត្រ។

នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ១លាន៥សែន ទៅ២លាននាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here