ធនាគារពិភពលោកប្រកាសផ្តល់មូលនិធិថ្មីចំនួន៥៣០លានដុល្លារសម្រាប់អ៊ុយក្រែន

ដោយ:លាងហួរ

វ៉ាស៊ីនតោន:ធនាគារពិភពលោក បានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន៥៣០លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រទេសនេះ។

ធនាគារពិភពលោកបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយនេះមានទម្រង់ជាប្រាក់កម្ចីថ្មី ពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ ដែលត្រូវបានធានាដោយចក្រភពអង់គ្លេស ដល់ចំនួន៥០០លានដុល្លារអាមេរិក ដោយប្រទេសដាណឺម៉ាកផ្តល់ជំនួយ ដែលនៅសេសសល់ចំនួន៣០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Anna Bjerde អនុប្រធានប្រចាំតំបន់របស់ធនាគារសម្រាប់អឺរ៉ុប និងអាស៊ីកណ្តាល បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួននៃការបំផ្លិចបំផ្លាញ ការខូចខាត និងការផ្លាស់ទីលំនៅក្នុងប្រទេសអ៊ុយក្រែនកំពុងកើនឡើងខ្លាំង ហើយក៏កំពុងបន្តកើនឡើង។

ប្រជាជនអ៊ុយក្រែន មានផ្លូវដ៏វែងឆ្ងាយក្នុងការស្តារ ប្រទេសឡើងវិញនៅពេលខាងមុខ ហើយដៃគូអភិវឌ្ឍន៍នឹងត្រូវបន្តរួមគ្នា ដើម្បីគាំទ្រដល់ការកសាងឡើងវិញរបស់អ៊ុយក្រែន។

លោកស្រី Bjerde បានបន្ថែមថា ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក បានដាក់ការចំណាយលើការកសាងឡើងវិញ និងការស្តារឡើងវិញ សម្រាប់អ៊ុយក្រែនចំនួន១០០ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលជាតួលេខមួយត្រូវបានគេរំពឹងថា នឹងកើនឡើងខណៈសង្រ្គាមនៅតែបន្ត។

ធនាគារនេះបានថ្លែងថា ខ្លួនបានប្រមូលថវិកាសង្គ្រោះបន្ទាន់ជិត១៣ពាន់លានដុល្លារអាមេរិករួចហើយ សម្រាប់អ៊ុយក្រែន ដែល១១ពាន់លានដុល្លារត្រូវបានបញ្ចេញរួចហើយ។

កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា សភាអាមេរិក ក៏បានអនុម័តកញ្ចប់ជំនួយថ្មីចំនួន១២,៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន រួមទាំងសម្ភារៈយោធាចំនួន៣,៧ពាន់លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here