ដីធ្លីនៅតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោនឹងកើនឡើងបន្តឬយ៉ាងណា

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មានមនុស្សជាច្រើនបានយល់ច្រឡំ និងផ្សព្វផ្សាយពីកម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ដោយរំពឹងថាដីធ្លីនៅជុំវិញព្រលានយន្តហោះនឹងហក់ឡើងថ្លៃ ប៉ុន្តែធាតុពិតទៅតំបន់នៅជុំវិញ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនឹងមិនឡើងថ្លៃខ្ពស់បន្តទៀតទេ ឬសឹងតែមិនឡើងតែម្ដង។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា តាមពិតទៅមនុស្សមួយចំនួន គាត់យល់ច្រលំថា នៅពេលមានការអភិវឌ្ឍព្រលានយន្តហោះ នឹងធ្វើឱ្យតម្លៃដីធ្លីរបស់គាត់ឡើងថ្លៃខ្ពស់។ ផ្ទុយទៅវិញដីធ្លីដែលនៅជាប់នឹងព្រលានយន្តហោះ ឬក្បែរៗព្រលានយន្តហោះមិនអាចហក់ឡើងខ្ពស់បានទេ ។

អ្នកនាងបន្តថា “ដីនៅជិតព្រលានយន្តហោះ គេមិនអាចយកទៅអភិវឌ្ឍន៍ជាអគារខ្ពស់ៗបានទេ ហើយបើសង់បុរីលំនៅឋាន ក៏ប្រជាពលរដ្ឋ អ្នកទិញ មិនចង់ទៅរស់នៅក្បែរព្រលានយន្តហោះដែរ”។ អ្នកនាងបន្តថា “ដូច្នេះតម្លៃនៅតំបន់ជុំវិញនោះ នឹងមិនអាចឡើងថ្លៃបានទេ។ ជាក់ស្ដែងព្រលានយន្តហោះភ្នំពេញយើង មិនមានអគារខ្ពស់ៗសង់នៅក្បែរនោះទេ ពីព្រោះថាវាច្បាប់ ដែលកំណត់ដោយអាកាសចរណ៍ គឺមានតែផ្ទះពលរដ្ឋនិងជាតំបន់ឧស្សាហកម្មប៉ុណ្ណោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបន្ថែមថា ដីឧស្សាហកម្មក៏មិនអាចឡើងថ្លៃខ្ពស់បានដែរ គឺតម្លៃមួយសមរម្យ។ ក្នុងន័យនេះ យើងមិនមែនសំដៅថា ដីនៅតំបន់ជុំវិញព្រលានយន្តហោះអត់ឡើងថ្លៃទេ គឺឡើងនិងតែឡើងគ្រាន់តែអត្រានៃការឡើងថ្លៃទាបជាងតំបន់ ដែលនៅឆ្ងាយពីព្រលានយន្តហោះ ។

លោកស៊ិន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះពីរ កំពុងសាងសង់យ៉ាងមមាញឹក គឺព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះអន្តរជាតិតេជោស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងដាក់ដំណើរការមុន ព្រលានយន្តហោះតេជោដោយសារតែគម្រោងនេះ បានដំណើរការសាងសង់មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here