ប្រទេសអាល្លឺម៉ង់គ្រោងបង្កើតមូលនិធិតម្លៃ១៩៦ពាន់លានដុល្លារដើម្បីដោះស្រាយវិបត្តិថាមពល

ដោយ: លាងហួរ

អាល្លឺម៉ង់: អធិការបតីលោក Olaf Scholz បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាឡឺម៉ង់កំពុងរៀបចំឆ័ត្រការពារ ដែលមានទឹកប្រាក់រហូតដល់២០០ពាន់លានអឺរ៉ូ (ប្រហែល១៩៦ពាន់លានដុល្លារអាមេរិក) ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស ក្នុងអំឡុងពេលមានវិបត្តិថាមពល។

មូលនិធិស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស (WSF) ដែលត្រូវបានបង្កើតឡើង ក្នុងអំឡុងពេលជំងឺរាតត្បាត ក្នុងឆ្នាំ២០២០ នឹងគ្រប់គ្រង និងចែកចាយជំនួយរបស់រដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងការចាប់ផ្តើមឡើងវិញនៃមូលនិធិនេះ ប្រទេសអាល្លឺម៉ង់ក៏កំពុងមានប្រតិកម្មចំពោះស្ថានភាពផ្គត់ផ្គង់ឧស្ម័ន ដែលបានផ្លាស់ប្តូរជាមួយប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីការលេចធ្លាយនៅក្នុងបំពង់បង្ហូរ Nord Stream១និង២ នាំឱ្យមានការផ្អាកលំហូរឧស្ម័នតាមរយៈបំពង់នេះ។

លោក Olaf Scholz បានបន្តថា យើងបានរៀបចំយ៉ាងល្អសម្រាប់ស្ថានភាពនេះ ហើយលោក​ក៏រំពឹង​ថា​ នឹង​មិន​មាន​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ពី​រុស្ស៊ី ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នោះ​ទេ។

ចំណែក ប្រទេសអាល្លឺម៉ង់បានស្វែងរកដៃគូពាណិជ្ជកម្មថ្មីយ៉ាងសកម្ម និងពង្រីកការផលិតថាមពលធ្យូងថ្ម និងនុយក្លេអ៊ែរ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ ក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួនបី របស់អាល្លឺម៉ង់ នៅតែអាចដំណើរការបាន ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣។

ថ្លៃអគ្គិសនី និងឧស្ម័នត្រូវបានកំណត់ ដើម្បីសម្រាលបន្ទុកអ្នកប្រើប្រាស់ និងសេដ្ឋកិច្ច។ មុនពេលមានវិបត្តិថាមពល រដ្ឋាភិបាលបានបង្ហាញកញ្ចប់ជំនួយសង្គ្រោះអតិផរណា ដែលមានតម្លៃ៩៥ពាន់លានអឺរ៉ូរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here