អ្នកជំនាញមើលឃើញកំណើនទេសចរខ្ពស់ក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌជាសញ្ញាវិជ្ជមាននៃវិស័យទេសចរណ៍កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានកំណើន៨៩,៤៣% ធៀបនឹងឆ្នាំ២០២១។ យោងតាមកំណើនខ្ពស់នៃទេសចរនេះ អ្នកជំនាញនៃវិស័យទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមក្នុងការងើបឡើងវិញនៃទេសចរណ៍កម្ពុជា។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១.២៥៩.១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១.២៤៤.៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤.៤៧៩នាក់។ តួលេខនេះមានកំណើន៨៩,៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១។ ក្នុងនោះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២៧ ខែកញ្ញាថា ចរន្តនៃការចេញដើរកម្សាន្តរបស់ប្រជាជនក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានភាពល្អប្រសើរ នៅគ្រប់កន្លែង ហើយកន្លែងស្នាក់នៅ និងម្ហូបអាហារ នៅតាមកន្លែងកម្សាន្តនីមួយៗក៏មិនមានដំឡើងតម្លៃខ្ពស់នោះទេ។

លោកស្រីបានមានប្រសាសន៍ថា “ជុំវិញស្ថានការណ៍ភ្ញៀវទេសចរដើរកំសាន្តក្នុងកំឡុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្យនេះ ដែលមានចំនួនជាង១លាន២សែននាក់ ដែលចំនួននេះបានបង្ហាញពីការគាំទ្រ ការកើនឡើង និងការជំរុញទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ឱ្យងើបឡើងវិញ”។

លោកស្រីបន្តថា “វាជាសញ្ញាល្អ វាជាសញ្ញាងើបឡើងវិញនៃវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាយើង។ ការចេញដើររបស់បងប្អូនប្រជាពលរដ្ឋយើង បានជួយដល់អាជីវកម្មទេសចរណ៍ច្រើន គ្រប់ខេត្តក្រុងតែម្តង”។

លោកស្រីបន្ថែមថា តាមរយៈភាពរីករាយ និងការអនុវត្តបាននូវវិធីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ នៅពេលនេះ នឹងចូលរួមចំណែកទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានកំណើន ៨៩,៤៣ភាគរយ បើធៀបរយៈពេល៣ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១។

លោកថ្លែងថា “ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមក ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩”។

ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍និងធ្វើដំណើរពិភពលោក (World Travel and Tourism Council) នៅថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ បានសន្យាផ្ដល់ជំនួយបច្ចេកទេសជួយរៀបចំគណនីរណបទេសចរណ៍ (Tourism Satellite Account) ដើម្បីវាស់វែងអត្ថប្រយោជន៍សេដ្ឋកិច្ច ពីវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងទាក់ទាញបានជំនួយបច្ចេកទេស ការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ជាតិ និងការជួយផ្សព្វផ្សាយ ពីទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here