កម្ពុជាមានសុទិដិ្ឋនិយមពីកំនើនវិនិយោគិនកូរ៉េ ស្របពេលទំហំពាណិជ្ជកមកម្មរវាងប្រទេសទាំងពីរកើនឡើង

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានសម្តែងសុទិដ្ឋិនិយមថា វិនិយោគិន​កូរ៉េ​នឹង​ចាប់អារម្មណ៍​កាន់តែ​ច្រើន ​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​កាន់តែ​ច្រើន។

ជាមួយគ្នានឹងសុទិដ្ឋិនិយមនេះ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​ទាំង២ ក្នុង​រយៈពេល៨ខែ ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជិត៥៥០លាន​ដុល្លារ កើន​ជាង៦ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។

លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ ​ក្រសួង​ពាណិជ្ជកម្មបានជួប​ជាមួយ លោក KIM Byung Kwan ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ (Korea Importers Association – KOIMA) និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Bronte Family Ltd នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ដើមសប្តាហ៍នេះ ដើម្បី​ពិភាក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកឹម ស៊ីថន បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ មក​ប្រទេស​កម្ពុជា​នា​ពេលនេះ ​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​កម្ពុជា​សូម​ស្វាគមន៍​ ចំពោះ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ និង​ចាប់​យក​កាលានុវត្តភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​អ្នក​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា​។

លោកបន្តថា“​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ឱ្យ​​លោក​ប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ និង​គណៈប្រតិភូ​ជ្រាប​ច្បាស់​ថែមទៀត​ពី​សក្តានុពល​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន”។

លោកកឹម ស៊ីថន ក៏បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​កូរ៉េ ឱ្យ​ប្រើប្រាស់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់ និង​ដៃគូ​សេដ្ឋកិច្ច ដែល​កម្ពុជា​ជា​សមាជិក ជាពិសេស​កិច្ច​ព្រមព្រៀង​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP), កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី ​កម្ពុជា​-​កូរ៉េ (CKFTA) ដើម្បី​ជំរុញ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទំហំ​កាន់តែ​ធំ​បន្ថែម​ទៀត​។

លោក KIM Byung Kwan ​បានមានប្រសាសន៍​ថា សមាគម​អ្នក​នាំចូល​កូរ៉េ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧២ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន៨៣០០ ក្រុមហ៊ុន ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​ចំណី​អាហារ គ្រឿង​បន្លាស់ Software គ្រឿង​សម្អាង វត្ថុ​ធាតុដើម វាយនភណ្ឌ កសិកម្ម និង​សេវាកម្ម​ជាដើម​។

យោងតាមទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ក្នុង​រយៈពេល៨ ​ខែ​ដើម​ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប៥៤៩,៩៣ ​លាន​ដុល្លារ កើន​ឡើង៦,៤​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here