ដោយ: លាងហួរ
ពិភពលោក: ធនាគារពិភពលោកបានព្រមានថា ពិភពលោកអាចនឹងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៣ ខណៈធនាគារក ណ្តាលជុំវិញពិភពលោក បានដំឡើងការប្រាក់ក្នុងពេលដំណាលគ្នា។
ធនាគារពិភពលោកបានឱ្យដឹងនៅក្នុងការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានឲ្យដឹងថា ធនាគារកណ្តាលនៅជុំវិញពិភពលោក បាននឹងកំពុងដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ក្នុងពេលដំណាលគ្នា ក្នុងរយៈពេល៥ទសវត្សកន្លងមកនេះ។
ការសិក្សាបានកត់សម្គាល់ថា ការដំឡើងអត្រាការប្រាក់ និងសកម្មភាពគោលនយោបាយផ្សេងទៀត ប្រហែលជាមិនគ្រប់គ្រាន់ទេ ក្នុងការធ្វើ ឱ្យអតិផរណាសកលធ្លាក់ចុះ ដល់កម្រិតមុនពេលជំងឺរាតត្បាត។
វិនិយោគិនរំពឹងថា ធនាគារកណ្តាលនឹងដំឡើង អត្រាគោលនយោបាយរូបិយវត្ថុពិភពលោក ដល់ជិត៤ភាគរយរហូតដល់ឆ្នាំ២០២៣ ដែលជាការកើនឡើងច្រើនជាង២ភាគរយ លើសពីមធ្យមភាគឆ្នាំ២០២១ ហើយប្រសិនបើមានភាពតានតឹងទីផ្សារហិរញ្ញវត្ថុ នោះកំណើនGDP សកល (ផលិតផលក្នុងស្រុកសរុប) នឹងថយចុះមកត្រឹម០,៥ភាគរយ នៅឆ្នាំក្រោយ។
លោក Ayhan Kose អនុប្រធានស្តីទីនៃធនាគារពិភពលោកសម្រាប់កំណើនប្រកបដោយសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័នបានកត់សម្គាល់ថា ដោយសារតែការដំឡើងអត្រាការប្រាក់ មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងនៅទូទាំងពិភពលោក វាអាចក្លាយជាកត្តាគួបផ្សំគ្នា ក្នុងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងធ្វើឱ្យមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក។
លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយថា ដើម្បីសម្រេចបាននូវអត្រាអតិផរណាទាប ស្ថិរភាពរូបិយប័ណ្ណ និងកំណើនសេដ្ឋកិច្ចកាន់តែលឿន អ្នកបង្កើតគោលនយោបាយអាចផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ពួកគេ ពីការកាត់បន្ថយការប្រើប្រាស់ ទៅជាការជំរុញផលិតកម្ម។
លោក Malpass បានបន្ថែមថា “គោលនយោបាយគួរតែបង្កើតការវិនិយោគបន្ថែម និងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងការបែងចែកដើមទុន ដែលមានសារៈសំខាន់សម្រាប់កំណើន និងការកាត់បន្ថយភាពក្រីក្រ”៕