រដ្ឋាភិបាលទទួលបានចំណូលប្រមាណ៤,៥លានដុល្លារពីការលក់សំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ

ដោយៈ សុខុម

ភ្នំពេញ: ប្រាសាទអង្គរដ៏ល្បីល្បាញរបស់កម្ពុជា ទទួលបានភ្ញៀវទេស​ចរបរទេសចំនួន១១០.៥៧០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ដោយកើនឡើង១៧,៦ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ការិយាល័យលក់សំបុត្រអង្គរ បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា ថា ប្រាសាទអង្គរវត្ត រកចំណូលបានចំនួន៤,៤៤លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា អំឡុងរយៈពេល៨ខែដើមឆ្នាំ២០២២។ពោលគឺពីខែមករា ដល់ខែសីហា។

ឧទ្យានបុរាណអង្គរ ដែលគ្របដណ្ដប់លើផ្ទៃដីសរុប ចំនួន៤០១គីឡូ​ម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ក្នុងឆ្នាំ១៩៩២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃសំបុត្រចូលទស្សនាឧទ្យានអង្គរ នៅពេលនេះផ្ដល់ជូនប្រូម៉ូសិនពិសេស គឺមួយថ្ងៃតម្លៃ៣៧ដុល្លារ ការចូលទស្សនារយៈពេល៣ថ្ងៃ តម្លៃ៦២ដុល្លារ និងការចូលទស្សនារយៈពេលមួយសប្តាហ៍តម្លៃ៧២ដុល្លារ។

ដើម្បីជំរុញលើកទឹកចិត្តឱ្យជនបរទេស កាន់តែច្រើនមកទស្សនានៅឧទ្យានអង្គរ រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា បានប្រកាសថា ជនបរទេសដែលរស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើសពី២ឆ្នាំឡើងទៅ អាចដាក់ពាក្យសុំចូលទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទកោះកេរ ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំពេញ ដោយមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ។

លោកឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានព្យាករថា រមណីយដ្ឋានអង្គរ នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដោយសារវិបត្តិកូវីដ-១៩ បានថម​ថយទៅវិញ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា “ដោយសារប្រទេសយើងបានបើកព្រំដែនឡើងវិញ សម្រាប់ស្វាគមន៍អ្នកដំណើរទាំងអស់ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ខ្ញុំជឿជាក់ថា ភ្ញៀវទេសចរបរទេសកាន់តែច្រើន នឹងមកចំណាយពេលថ្ងៃឈប់សម្រាក របស់ពួកគេនៅអង្គរវត្ត”។

យោងតាមការិយាល័យលក់សំបុត្រអង្គរបានឱ្យដឹងថា អំឡុងសម័យមុនផ្ទុះវិបត្តិកូវីដ-១៩ អង្គរវត្ត ទទួលបានភ្ញៀវអន្តរជាតិ រហូតដល់២,២លាននាក់ក្នុងឆ្នាំ២០១៩ និងទទួលបានប្រាក់ចំណូលចំនួន៩៩លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនា៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here