រដ្ឋាភិបាលឡាវគ្រោងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៩០ម៉ឺននាក់នៅឆ្នាំនេះ

ដោយៈ សុខុម

វៀងចន្ទន៍: រដ្ឋាភិបាលឡាវ មានគម្រោងទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបានចំនួន៩០០.០០០នាក់នៅឆ្នាំនេះ ដែលរំពឹងផ្ដល់ប្រាក់ចំណូ​លបានជាង២១៨លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ស្ថិតិស្តីពីទេសចរណ៍។

ផ្អែកតាមការចុះផ្សាយរបស់កាសែតថៃ The Nation ឱ្យដឹងថា ទស្សនវិស័យសម្រាប់ឧស្សាហកម្ម ទេសចរណ៍បង្ហាញភាពវិជ្ជមាន បន្ទាប់ពីបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅ។

ជាលទ្ធផល ចំនួនភ្ញៀវទេសចរណ៍ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយជំរុញកំណើននៃការផ្គត់ផ្គង់រូបិយប័ណ្ណបរទេស ដែលត្រូវការចាំបាច់ខ្លាំងសម្រាប់ទិញទំនិញនាំចូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្ញៀវទេសចរបរទេសជាង៣៥.៩៨០នាក់ បានទៅលេងនៅប្រទេសឡាវ ក្នុងខែឧសភា ហើយតួលេខនេះ បានកើនឡើងដល់ជាង១៧១.៨០០នាក់ក្នុងខែមិថុនា។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។

ក្នុងចំណោមចំនួនសរុបនេះ ភ្ញៀវទេសចរបរទេសចំនួន២១១.៨៩៨នាក់បានមកលេងប្រទេសឡាវ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ដោយជាង៦០%មកពីប្រទេសថៃ ៣០%មកពីប្រទេសវៀតណាម និងសល់ប៉ុន្មានមកពីបណ្ដាប្រទេសផ្សេងទៀត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ការដាក់ឱ្យដំណើរការពេញលេញ នូវផ្លូវដែកឡាវ-ចិន (Laos-China Railway) និងសម្រស់ធម្មជាតិដ៏ទាក់ទាញនៃទីក្រុង Vangvieng តំបន់បេតិកភណ្ឌពិភពលោក ហ្លួងព្រះបាង និងការចុះថោកនៃលុយគីប (Kip) ស្ថិតក្នុងចំណោមកត្តាចម្បងៗ នៅក្នុងការទាក់ទាញភ្ញៀវទេសចរមកពីបណ្ដាប្រទេសជិតខាង។

ទោះជាយ៉ាងណា ភ្ញៀវទេសចរលំដាប់ខ្ពស់ ឬភ្ញៀវដែលសម្បូរលុយមកពីអឺរ៉ុប អាមេរិក កូរ៉េខាងត្បូង ចិន និងជប៉ុន នៅមិនទាន់វិលត្រប់មកវិញក្នុងចំនួនច្រើននៅឡើយទេ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here