ដោយ៖ សុផារី
កំពត៖ តាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពតប្រើប្រាស់ប្រាក់រៀលប្រមាណ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ ដែលនេះបានឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀល។
នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលនៅខេត្តកំពតនៅចុងសប្តាហ៍កន្លងមក ដើម្បីចូលរួមអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ៣សម្រាប់ខេត្តកំពតតាមទិន្នន័យបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះចំណូល-ចំណាយប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញកើន៤៧ភាគរយ៣។
លោកស្រីបានបន្ថែមថា ការចរាចរណ៍ប្រាក់រៀលបានឆ្លងកាត់ដំណាក់កាលជាច្រើន ដូចជា ដំណាក់កាលដាក់ឱ្យចរាចរជាផ្លូវការជាលើកដំបូង ការលុបបំបាត់ចរាចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលបានធ្វើឱ្យកម្ពុជា ដើរថយក្រយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមជាតិ និងការដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០។
លោកស្រីបានបន្ថែមថា ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាបានដាក់ចេញ គោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានធ្វើឲ្យទំហំប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀល។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានថ្លែងថា ការចាយវាយប្រាក់រៀលនៅខេត្តកំពត មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ។ លោកស្រីបានក្រើនរំលឹកប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសមានវត្តមាននៅខេត្តកំពត អំពាវឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀត។
លោកស្រីអភិបាលរងបញ្ជាក់ថា “សេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក”៕