ការស្រាវជ្រាវរកឃើញបញ្ហាប្រឈមបីដែលធ្វើឲ្យកម្ពុជាបាត់បង់ឧត្តម ភាពប្រកួតប្រជែង

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃ​ប្រាក់​ឈ្នួល​កម្លាំង​ពល​​កម្ម​ ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទិ​ក​ និងអគ្គិសនី​មានតម្លៃ​ខ្ពស់ គឺជា​បញ្ហា​ប្រឈម​ដែល​អាចធ្វើឱ្យ​កម្ពុជា ​បាត់​​បង់​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​ជាមួយអន្តរជាតិ។​

ក្នុង​អត្ថបទ​ស្រាវជ្រាវ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ការប្រកួតប្រជែង​របស់​កម្ពុជា របស់​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍បាន​បង្ហាញថា ការស្រាវជ្រាវ​នេះ ​មាន​គោលបំណង​ដើម្បី​រក       ឱ្យឃើញ​ថា តើ​ឱកាស​នៃ​ការប្រកួតប្រជែង​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​អាច​នឹង​បន្ត​និរន្តរភាព​ទៅមុខឬ​យ៉ាងណា​?​ ហើយ​អាច​ប្រកួត​​ប្រជែង​ឈ្នះ​ប្រទេ​សជិតខាង​ដែរឬទេ​?​ ដើម្បី​រកឃើញថា តើ​ឧត្តមភាព​នៃ​ការ​​ប្រកួតប្រជែង​របស់​ក​ម្ពុ​ជានៅតែ​បន្ត​រឹង ឬ​ត្រូវ​កែលម្អ​ចំណុច​ណាខ្លះ​?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតគី សេរី​វឌ្ឍន៍ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈ​ការសិក្សា​នេះ​បាន​រកឃើញថា វៀតណាម​ គឺជា​ដៃគូ​ដ៏​ខ្លាំង​របស់​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ ព្រោះ​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​ទាប​ជាង​កម្ពុជា ដែលជា​កត្តា​មួយ​ធ្វើឱ្យ​កម្ពុជា​អាច​ប្រឈម​នឹង​ការបាត់​ឱកាស​ក្នុងការ​ប្រកួតប្រជែង​។​

លោក​បន្ថែមថា “នៅ​គ្រា​ដែល​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា ​មិនទាន់​សាងសង់​រួច វា​បានធ្វើឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ​ចេញពី​កម្ពុជា ត្រូវ​ឆ្លងកាត់​វៀតណាម និង​ថៃ ដែល​ធ្វើឱ្យ​ថ្លៃដើម​កាន់តែ​ខ្ពស់ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​នៃ​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជុំវិញ​កម្ពុជា”​។​លោក​បន្ថែមថា ​ជា​ដំណោះស្រាយ យើង​ឃើញថា ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ កោះកុង និង​កំពត គឺជា​ការបង្កើត​ឱ្យ​កម្ពុជា មានឱកាស​នាំចេញ​កាន់តែ​ថ្លៃ​ទាប ប្រកួត​​ប្រជែង​ជាមួយនឹង​ប្រទេសជិតខាង​បាន ដែល​អាច​នឹង​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​អាស៊ាន​ផងដែរ​។​

ម្យ៉ាងវិញទៀត បញ្ហា​តម្លៃ​អគ្គិសនី ​នៅតែមាន​ភាព​ប្រឈម​នឹង​វិស័យ​ឧស្សាហ​​កម្ម​កម្ពុជា​ពិសេស​វិស័យ​កាត់ដេរ ខណៈ​នីតិវិធី​ពន្ធគយ​នៅតែមាន​ភាព​ស្មុគ​​ស្មាញ ដែល​អាចធ្វើ​កម្ពុជា​ បាត់​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​នេះ​ផងដែរ​។​

លោកបណ្ឌិតគី សេរីវឌ្ឍន៍បាន​បន្ថែមថា ​ការសិក្សា​បាន​រក​ឃើញថា មាន​រោងចក្រ​សហគ្រាស​មួយ​​ចំនួន​ នៅតែ​មិនទាន់​គោរព​គោលការណ៍​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​មិនមាន​លក្ខខណ្ឌ​ការងារ​ល្អ ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។ ដូច្នេះ​រោងចក្រ​ទាំងនោះ​ត្រូវ​រៀបចំខ្លួន​ឡើងវិញ ​ឱ្យ​សមស្រប ចៀស​​វាង​ការ​កេងចំណេញ​ច្រើន​ពី​កម្មករ​។​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ នឹង​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ចំនួន៦ដង​ទៀត ដើម្បី​បន្ត​កិច្ចពិភាក្សា​ទៅលើ​ប្រាក់​ឈ្នួល ​ក្នុង​វិស័យ​កាត់ដេរ ដោយបាន​កំណត់​យក​ថ្ងៃទី​២៣ ខែកញ្ញា ជា​ថ្ងៃ​កំណត់​ចុងក្រោយ ដែល​ត្រូវ​ប្រកាស​ប្រាក់​ឈ្នួល​គោល ​ក្នុង​វិស័យ​កាត់ដេរ សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២៣​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា​ជាតិ ​ប្រាក់​ឈ្នួល​អប្បបរមា ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក អ៉ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ២ ភាគី​ទៀតជា​សមាជិក ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា បានឱ្យដឹងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​រៀបចំ​កិច្ច​ប្រ​​ជុំ​បន្ទាប់​នៅ​ថ្ងៃទី​២៤, ៣១ ខែសីហា និង​ថ្ងៃទី ​៧, ១៤, ២២ និង​ទី​ ២៣ ខែ​ ក​ញ្ញា ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ​បាន​ស្តាប់​គោលជំហរ​ពី​តំណាង​ភាគី​នីមួយៗ​ ទៅលើ​បម្រែបម្រួល​លក្ខណវិនិច្ឆ័យ​បែប​សង្គម ​(​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​​រស់នៅ​) និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋ​កិច្ច (​ផលិតភាព ការប្រកួតប្រជែង​រប​ស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​)។​

​ប៉ុន្តែ​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​កម្ម​ករ និយោជិត មិនទាន់​អាច​បញ្ជាក់បាន​នូវ​តួលេខ​ ដែលជា​គោលជំហរ​ផ្លូវការ​របស់ខ្លួន​នៅឡើយ ដោយ​ស្នើសុំ​ប្រជុំ​​ផ្ទៃក្នុង​របស់ខ្លួន​ម្ដងទៀត​សិន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here