ដោយៈ គង់ សូរិយា
ភ្នំពេញៈ បរិវត្តន៍កម្មឌីជីថល បានក្លាយជាដំណើរអភិវឌ្ឍន៍រួមមួយ សម្រាប់គ្រប់តួអង្គ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ ដែលយើងត្រូវរួមគ្នា ធ្វើដំណើរលើផ្លូវមួយនេះ ប្រកបដោយភាពម្ចាស់ការ ដោយបន្តស្វែងយល់ សម្របខ្លួន និងក្តាប់យកកាលានុវត្តភាព ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា ជាប់ជាប្រចាំ។
នេះជាគូសបញ្ជាក់របស់ លោកហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ នាឱកាស “ពិធីបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ សម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប” នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
លោកបានវាយតម្លៃថា “អក្ខរកម្មឌីជីថល” បានក្លាយជាតម្រូវការមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋទូទៅ នៅគ្រប់វ័យ ទាំងវ័យចំណាស់ វ័យកណ្តាល និងយុវវ័យ ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឆ្លើយតបនឹងតម្រូវការរៀងៗខ្លួន ដែលតម្រូវឱ្យស្វែងយល់ពីនិន្នាការវិវត្តន៍ជាប់ជាប្រចាំ ស្របតាមប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងពីសារៈសំខាន់នៃ “ការសិក្សារៀនសូត្រពេញមួយជីវិត”។
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័ស ផ្នែកបច្ចេកវិទ្យា និងការកើនឡើង នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឌីជីថលូបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់ នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហើយ វិបត្តិជំងឺកូវីដ-១៩ បានក្លាយជាកាតាលីកររុញដោលឱ្យការប្រើបច្ចេកវិទ្យាជាដំណោះស្រាយ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ដោយរួមបញ្ចូលការជំរុញឱ្យប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល នៅក្នុងដំណាក់កាលងើបឡើងវិញនេះ។
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណងឆ្លើយតប នឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ព្រមទាំងមន្ត្រីទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕