អង់គ្លេស អាចនឹងជួបវិបត្តិអតិផរណាដ៏អាក្រក់បំផុតនៅឆ្នាំ២០២៣

ដោយៈ សុខុម

ក្រុងឡុងដ៍: អតិផរណាតម្លៃទំនិញប្រើប្រាស់ នៅក្នុងប្រទេសអង់គ្លេស អាចនឹងហក់ឡើងដល់កម្រិតកំពូល១៨% នៅដើមឆ្នាំ២០២៣ខាងមុខនេះ។

នេះបើយោងតាមការឱ្យដឹង ពីអ្នកជំនាញសេដ្ឋកិច្ចមួយរូប នៅធនាគារអាមេរិក Citi ដែលបានដំឡើងការព្យាករណ៍ របស់លោកជាថ្មីម្តងទៀត ដោយសារការឡើងថ្លៃថាមពល នៅរយៈពេលចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Benjamin Nabarro អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារអាមេរិក Citi បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី២២ ខែសីហា ថា “សំណួរនាពេលនេះគឺថា តើគោលនយោបាយអ្វីដែលអាចប៉ះប៉ូវ នូវផលប៉ះពាល់មកលើអតិផរណា និងសេដ្ឋកិច្ចពិតប្រាកដបាន?”។

តួលេខបង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់ចុងក្រោយ គឺលើស១៨%ក្នុងឆ្នាំ១៩៧៦។ នៅក្នុងខែកក្កដា អតិផរណានៅអង់គ្លេស បានកើនឡើងដល់១០,១% ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៨២។

លោក Benjamin Nabarro លើកឡើងថា លោកស្រី Liz Truss អ្នកឈានមុខគេ ដែលនឹងអាចក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់របស់អង់គ្លេស ទំនងជានឹងដាក់ចេញវិធានការនានា ដើម្បីជួយគាំទ្រដល់គ្រួសារ ដែលទទួលរងវិបត្តិអតិផរណាធ្ងន់ជាងគេ។

លោកបានបន្ថែមទៀតថា ដោយអតិផរណាឥឡូវនេះ អាចនឹងហក់ឡើងដល់កម្រិតខ្ពស់បំផុត គឺខ្ពស់ជាងការព្យាករ១៣% របស់ធនាគារកណ្ដាលអង់គ្លេស (Bank of England) ក្នុងខែសីហា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារនេះ ទំនងជាសន្និដ្ឋានថា ហានិភ័យនៃអតិផរណាបន្តកើនឡើងកាន់តែខ្លាំង៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here